ហ្វីលីពីន៖ មេបញ្ជាការយោធាហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១០ សីហា) ថា ហ្វីលីពីននឹងបញ្ជូនការផ្គត់ផ្គង់បន្ថែមទៀត ទៅកាន់ប៉ុស្តិ៍ជួរមុខមួយនៅលើកូនកោះប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះនៅដើមសប្តាហ៍ក្រោយនេះ ដោយការលើកឡើងនេះ មានរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីនាវាចិនបានរំខានការដឹកជញ្ជូន។
បេសកកម្មផ្គត់ផ្គង់ឡើងវិញកាលពីថ្ងៃសៅរ៍សប្តាហ៍មុន មិនអាចផ្ទុកទំនិញទាំងអស់របស់ខ្លួនបានទេ បន្ទាប់ពីនាវាឆ្មាំល្បាតឆ្នេរចិន បានរារាំង និងប្រើកាណុងបាញ់ទឹកដាក់នាវាឆ្មាំល្បាតឆ្នេរហ្វីលីពីន និងនាវាសណ្ដោងដែលដឹកអាហារ ទឹក និងប្រេងសម្រាប់ទាហានហ្វីលីពីន ឈរជើងនៅទួលប៉ះទឹកទី២ឈ្មោះ Thomas Shoal។
ឧបទ្ទវហេតុនេះបានបញ្ឆេះជម្លោះការទូតរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ហើយបានបង្កឱ្យមានការរិះគន់ជាអន្តរជាតិចំពោះសកម្មភាពរបស់ប្រទេសចិន។
ឧត្តមនាវីឯក Alberto Carlos ប្រធានបញ្ជាការខាងលិចនៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីននៅលើកោះ Palawan បានប្រាប់អ្នកយកព័ត៌មានថា ការដឹកជញ្ជូនលើកក្រោយ គ្រោងនឹងធ្វើឡើងនៅដើមសប្តាហ៍ ឬនៅមុនពេលការផ្គត់ផ្គង់អស់ ហើយពួកយើងកំពុងរងចាំពេលវេលាសាកសមសម្រាប់ប្រតិបត្តិការនេះ៕

