ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អង្គការលីកាដូ លើកឡើងថា ការរៀបចំគណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ សុទ្ធតែជាបញ្ញវន្តប្រកបដោយសក្តានុពលសម្រាប់ការដឹកនាំប្រទេសឲ្យមានការីកចម្រើន។
នៅសល់រយៈប្រមាណ១១ ថ្ងៃទៀតប៉ុណ្ណោះ គណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧នឹងចាប់ផ្តើមដំណើរការ លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានឲ្យដឹងថា តាមរយៈសមាសភាពរៀបចំគណៈរដ្ឋមន្រ្តីថ្មីរបស់គណបក្សប្រជាជនកម្ពុជា ភាគច្រើនជាអ្នកជំនាន់ថ្មីនោះ និងដឹកនាំដោយឯកឧត្តបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ភាគច្រើនជាបញ្ញវន្តប្រកបដោយថាមពល និងចំណេះដឹង។
លោក បង្ហាញសុទិដ្ឋិនិយមថា គណៈរដ្ឋមន្រ្តីថ្មីមានទាំងសក្តានុពល និងសមត្ថភាពដឹកនាំប្រទេសផ្តល់ជាវិជ្ជមាន ដូចជាវិស័យសេដ្ឋកិច្ចជាដើម។
មន្រ្តីជាន់ខ្ពស់អង្គការលីកាដូ បញ្ជាក់ថា ការបញ្ចូលសមាសភាពគណៈរដ្ឋមន្រ្តីថ្មីទៅតាមក្រសួងនីមួយៗ ពិតជាសាកសមនឹងជំនាញ ដើម្បីវឌ្ឍនភាពរីកចម្រើនរបស់ក្រសួងនីមួយៗផងដែរ។
ជាមួយគ្នាលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក (Adhoc) បានទទួលស្គាល់ពីចំណេះដឹង និងសមត្ថភាពរបស់ថ្នាក់ដឹកនាំគណៈរដ្ឋមន្រ្តីថ្មី ដោយសារកម្រិតវប្បធម៌របស់គណៈរដ្ឋមន្រ្តីថ្មីទាំងអស់ឆ្លងកាត់ប្រទេសធំៗ និងជឿនលឿន។
សូមជម្រាបថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំលើក១ និងលើកដំបូង នាថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមាជិក សមាជិកាសភាសរុប១២៥រូប ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការរៀបចំរាជរដ្ឋាភិបាល នីតិកាលទី៧ផងដែរ៕ អត្ថបទ សេក ឧត្តម
