ឥណ្ឌា៖ ចំនួនអ្នកស្លាប់ទាក់ទងនឹងជំងឺ Covid-19 នៅក្នុងប្រទេសឥណ្ឌាបានហក់ឡើងដល់ជាង ៣០ម៉ឺននាក់ ខណៈដែលប្រទេសនេះបន្តប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលនេះ។ ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងសរុបជាង ២៦លាននាក់គឺឈរលំដាប់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក ហើយពេលនេះក្លាយជាចំណុចកណ្ដាល នៃជំងឺរាតត្បាតសកលនេះ។

ប្រទេសនេះឈរនៅលំដាប់ថ្នាក់ទី៣ ក្នុងពិភពលោកដែលមានចំនួនអ្នកស្លាប់ជាង ៣០ម៉ឺននាក់ ដោយឈរនៅបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។ រលកទី២ ដ៏ខ្លាំងក្លានៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បានបណ្ដាលឲ្យបប៉ះពាក់ធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំងសុខភាពរបស់ប្រទេសនេះ ដោយមន្ទីរពេទ្យជាច្រើនកំពុងព្យាយាម ដោះស្រាយលំហូរចូលអ្នកជំងឺដ៏ច្រើន និងត្រូវការឱសថជាចាំបាច់ ព្រមទាំងអស់អុកស៊ីសែន។ កាលពីថ្ងៃអាទិត្យ ប្រទេសនេះបានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ២៤០,៨៤២នាក់នៅទូទាំងប្រទេសក្នុងពេលជាង ២៤ម៉ោង ជាចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃទាបបំផុតក្នុងរយៈពេលជាង ១ខែមកនេះ និងមានអ្នកស្លាប់ចំនួន ៣,៧៤១នាក់ផងដែរ។ ទោះយ៉ាងណារដ្ឋធានី New Delhi របស់ឥណ្ឌានឹងបន្ធូរបន្ថយវិធានការរឹតត្បិតទប់ស្កាត់វីរុស COVID-19 នៅសប្ដាហ៍ក្រោយ ប្រសិនបើករណីឆ្លងថ្មីនៅបន្តធ្លាក់ចុះក្នុងរដ្ឋធានីមួយនេះ៕
អត្ថបទ៖ សុខមាន