អាមេរិក៖ សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំចំហជាលើកដំបូងរបស់ខ្លួនស្តីពីស្ថានភាពសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១៧ នៅសប្តាហ៍ក្រោយនេះ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី លីនដា ថូម៉ាស ហ្គ្រីនហ្វៀលដ៍ (Linda Thomas-Greenfield) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រធានសិទ្ធិមនុស្សរបស់UN លោក វ៉ូលកឺ ទុក (Volker Türk) និង អេលីហ្សាបេធ សាលម៉ុន (Elizabeth Salmon) ដែលជាអ្នកស៊ើបអង្កេតឯករាជ្យរបស់UNទៅលើ សិទ្ធិមនុស្សនៅក្នុងប្រទេសអាស៊ីភាគឦសានដាច់ឆ្ងាយពីគេ នឹងថ្លែងដោយសង្ខេបទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខ នៅក្នុងកិច្ចប្រជុំថ្ងៃទី១៧ ខែសីហា។
លោកស្រី ថូម៉ាស ហ្គ្រីនហ្វៀលដ៍ បាននិយាយថា៖«យើងដឹងថា ការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានផ្សេងទៀតរបស់រដ្ឋាភិបាល ជួយសម្រួលដល់ការរីកចំរើននៃអាវុធប្រល័យលោកនិងកម្មវិធីមីស៊ីល បាលិស្ទិកខុសច្បាប់» ដោយបន្ថែមថា ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែដោះស្រាយភាពភ័យរន្ធត់ ការរំលោភ
បំពាន និងឧក្រិដ្ឋកម្ម ដែលត្រូវបានប្រព្រឹត្តឡើងដោយរបបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ីល ប្រឆាំងនឹងប្រជាជនខ្លួន ក៏ដូចជាប្រជាជនជប៉ុន និងកូរ៉េខាងត្បូងផងដែរ។
លោកស្រី ថូម៉ាស ហ្គ្រីនហ្វៀលដ៍ ដែលកំពុងធ្វើជាប្រធានក្រុមប្រឹក្សាក្នុងអំឡុងការរៀបចំរបស់សហរដ្ឋអាមេរិកក្នុងខែនេះ បានឈរជាមួយឯកអគ្គរដ្ឋទូតមកពីប្រទេសអាល់បានី ជប៉ុន និងកូរ៉េខាងត្បូង នៅពេលធ្វើការប្រកាសនេះ៕


