
ទូរទស្សន៍រដ្ឋចិន បានផ្សព្វផ្សាយ នៅថ្ងៃសុក្រ (ទី១១ ខែសីហា) នេះ ថា ប្រទេសចិនបានរកឃើញជនជាតិចិនម្នាក់ដែលសង្ស័យថា បានធ្វើចារកម្មឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក (CIA) ដោយគូសបញ្ជាក់ពីអ្វីដែលខ្លួនបានលើកឡើងថា ជាហានិភ័យ និងគ្រោះថ្នាក់របស់ពលរដ្ឋចិន ដែលជ្រើសរើសអ្នកធ្វើការពីបរទេស។
ទូរទស្សន៍មជ្ឈិមរដ្ឋចិន (CCTV) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ជនជាតិចិន ដែលមាននាមត្រកូល Zeng ( ចឹង) ដែលបានបម្រើការងារឲ្យក្រុមឧស្សាហកម្មយោធា ត្រូវបានជ្រើសរើសឲ្យធ្វើការដោយភ្នាក់ងារ CIA ដែលមានមូលដ្ឋាន នៅប្រទេសអ៊ីតាលី។ Zeng ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ីតាលី ដោយក្រុមឧស្សាហ៍កម្មយោធា ដើម្បីសិក្សាបន្ថែម ហើយបន្ទាប់មក បានស្គាល់ជាមួយភ្នាក់ងារ CIA។
របាយការណ៍មិនបានបញ្ជាក់ពីភេទរបស់ Zeng ទេ ប៉ុន្តែបាននិយាយថា បុគ្គលនោះ កើតនៅឆ្នាំ១៩៧១។ ហើយយោងតាមរបាយការណ៍នោះ បានឲ្យដឹងថា ភ្នាក់ងារ CIA ដែលត្រូវបានចោទប្រកាន់នោះ មានឈ្មោះថា «Seth»។ ពាក់ព័ន្ថនឹងករណីនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនទទួលបានការឆ្លើយតបភ្លាមៗនោះទេពីស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងប៉េកាំង ពេលស្នើសុំការអត្ថាធិប្បាយ។
CCTV បានរាយការណ៍ថា Zeng ត្រូវបានគេរកឃើញថា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចារកម្មជាមួយសហរដ្ឋអាមេរិក ហើយបានទទួលការបណ្តុះបណ្តាល មុនពេលត្រឡប់ទៅប្រទេសចិនវិញ។ របាយការណ៍ បានបន្ថែមថា បន្ទាប់ពីត្រឡប់ទៅដល់ចិនវិញ Zeng បានផ្តល់ឱកាសជាច្រើនដល់ការស៊ើបការណ៍សម្ងាត់ «សំខាន់ៗ» និងទទួលបានប្រាក់ជាច្រើន សម្រាប់ការប្រឹងប្រែងធ្វើកិច្ចការនេះ។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បានស្ថិតក្នុងស្ថានភាពអាប់អួ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាក់ព័ន្ធនឹងបញ្ហាជាច្រើន ក្នុងនោះរួមទាំងសន្តិសុខជាតិផងដែរ។ ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងប៉េកាំងពីបទចារកម្ម និងការវាយប្រហារតាមអ៊ិនធឺណិត តែចិនបានច្រានចោល ហើយប្រទេសចិនក៏បានប្រកាសដែរថា ខ្លួនស្ថិតក្រោមការគំរាមកំហែងពីអ្នកស៊ើបការណ៍សម្ងាត់៕