
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា យោងតាមព្រះរាជសារ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក រដ្ឋសភានីតិកាលទី៧ នឹងប្រារព្ធ ពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងពិធីដ៏មហាឡោរឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសផងដែរ។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងខាងលើនេះ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងផ្ដើមការងារក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បី:
១-សម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ
២-អនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី ៧ ។
នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ៨ព្រឹក សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តី ទុកចិត្តចំពោះរាជរដ្ឋាភិបាល។

