
រដ្ឋបាលក្រុង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងសន្តិសុខនៅក្នុងប្រទេសអេត្យូពី កំពុងចាត់វិធានការបង្រ្កាបតាមសណ្ឋាគារ រង្គសាល និងភោជនីយដ្ឋាន ក្នុងរដ្ឋធានីអាឌីស អាបាបា (Addis Ababa) ជាទីដែលសកម្មភាពរួមភេទរបស់អ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានចោទប្រកាន់ថា បានកើត ឡើង។
ប្រទេសជាច្រើននៅទ្វីបអាហ្រ្វិកដែលកំណត់បទល្មើសព្រហ្មទណ្ឌដល់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា បានអនុវត្តច្បាប់កាន់តែតឹងរ៉ឹងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយរដ្ឋាភិបាលជាច្រើន បានស្នើច្បាប់ និងការកាត់ទោសកាន់តែតឹងរ៉ឹង រួមទាំងថ្មីៗនេះ នៅប្រទេសហ្គាណា និងអ៊ូហ្គង់ដា។
ក្រុមសិទ្ធិមនុស្សនិយាយថា សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសអេត្យូពី នៅតែត្រូវគេប្រឆាំងជំទាស់ ដោយសារតែក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ប្រឈមមុខនឹងការរើសអើងកម្រិតខ្ពស់ និងភ័យខ្លាចអំពើហិង្សា និងការរើសអើង ប្រសិនបើអត្តសញ្ញាណរបស់ពួកគេ ត្រូវបានរកឃើញនោះ។
ការិយាល័យរដ្ឋបាលសន្តិភាព និងសន្តិសុខក្រុងអាឌីស អាបេបា ដែលជាស្ថាប័នរដ្ឋាភិបាល បានឲ្យដឹង ថា ខ្លួនកំពុងចាត់វិធានការ «ប្រឆាំងនឹងបណ្តាស្ថាប័នដែលអំពើស្រឡាញ់ភេទដូចគ្នា ត្រូវបានប្រព្រឹត្ត» បន្ទាប់ពីការផ្តល់ព័ត៌មានពីសាធារណជន និងបានវាយឆ្មក់ផ្ទះសំណាក់មួយ នៅក្នុងទីក្រុងនេះរួចហើយ។