ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញការប្តេជ្ញាបង្កើនសកម្មភាពទ្វេដង កំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ដើម្បីបង្កើនសកម្មភាពថែរក្សា ការពារ អភិវឌ្ឍន៍ អភិរក្សជនជាតិដើមភាគតិច និងធានាបានការគ្រប់គ្រងដីសហគមន៍ជនជាតិដើមភាគតិចឲ្យបានគង់វង្ស។
នៅក្នុងឱកាសប្រារព្វទិវាអន្តរជាតិជនជាតិដើមភាគតិច ខួបលើកទី៧៥ ថ្ងៃទី១១ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ SUN and Moon លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍បាននិងកំពុងយកចិត្តទុកដាក់ដល់ជីវភាពការរស់នៅរបស់ភូមិសហគមន៍ជនជាតិដើមភាគតិច ដែលរស់នៅតាមបណ្តាខេត្តចំនួន១៥ ដែលមានភូមិចំនួន៤៥៥ភូមិជនជាតិភាគតិច ឲ្យមានជីវភាព ការអភិរក្ស អភិវឌ្ឍន៍បានល្អប្រសើរ។
លោកស្រី បន្តថា គិតត្រឹមឆ្នាំ២០២៣នេះ ក្រសួងបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច បានចំនួន១៧៧ភូមិជនជាតិ និងបានរៀបចំបទបញ្ជាផ្ទៃក្នុងសម្រាប់ជនជាតិដើមភាគតិចបានចំនួន៩៨សហគមន៍ ហើយនៅសល់២៧៩ភូមិទៀត គឺបាននឹងកំពុងពន្លឿនរៀបចំចេញលិខិតទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចទៀត ដើម្បីធ្វើការថែររក្សា អភិរក្ស អភិវឌ្ឍន៍ ឲ្យបានគង់វង្សនូវទំនៀមទំលាប់ ប្រពៃណីជនជាតិដើមភាគតិចទាំងអស់នោះ ឲ្យបានស្ថិតស្ថេរយូរអង្វែង ។
សូមបញ្ជាក់ថា ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ខួបលើកទី៧៥ ឆ្នាំ២០២៣ បានប្រារព្ធ ក្រោមប្រធានបទ (លើកកម្ពស់ការចូលរួមប្រកបដោយបរិយាបន្ន និងភាពជាដៃគូរវាងជនជាតិដើមភាគតិច រដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍) និង (យុវជនជនជាតិដើមភាគតិច ជាតួអង្គនៃការផ្លាស់ប្តូរ ដើម្បីសិទ្ធិស្វ័យសម្រេច) ហើយតាមរយៈទិវានេះ បណ្តាញអង្គការសមាគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ក៏បានស្នើសុំដៃគូរាជរដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត រួមទាំងភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងស្ថានទូតនានា ស្នើជួយបង្កើនការគាំទ្រដោយផ្ទាល់ និងលើកកម្ពស់ការដាក់បញ្ចូលអង្គការ និងសហគមន៍ជនជាតិដើមភាគតិច ក្នុងគោលបំណង ជំរុញការអភិរក្ស អភិវឌ្ឍន៍ប្រកបបចីរភាព និង ការយល់ដឹងសិទ្ធជនជាតិដើមភាគតិច ជាពិសេសស្ត្រី និងយុវជន ទាក់ទងការការពារប្រពៃណី និងអត្តសញ្ញាណវប្បធម៌ ដើម្បីចូលរួមចំណែកលុបបំបាត់ ទម្រង់ការរើសអើង លើជនជាតិដើមតិច និងជំរុញផ្សព្វផ្សាយផលិតផលប្រពៃណី វប្បធម៌និងរបៀបការរស់នៅជនជាតិដើមភាគតិច៕
អត្ថបទ ស៊ុម សុខជា