
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយ នៅថ្ងៃសុក្រ (ទី១១ ខែកក្កដា) នេះ ថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗផ្សេងទៀត ជាមួយប្រទេសសិង្ហបុរី ព្រមទាំងបើកចំហសម្រាប់ឱកាសថ្មីៗនៃទំនាក់ទំនងទ្វេភាគី ដោយការលើកឡើងនេះ កើតមាននៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី លោក Lawrence Wong។
លោក Wang ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CPC) ដែរនោះ បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសម្របសម្រួល ជាមួយសិង្ហបុរីក្នុងកិច្ចការពហុភាគី។
ហើយជាមួយគ្នានេះ លោកបានប្រាប់ថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន ហើយសង្ឃឹមថា សិង្ហបុរីនឹងបន្តដើរតួនាទីវិជ្ជមាន ក្នុងការកសាងសហគមន៍ចិន-អាស៊ាន ជាមួយនឹងអនាគតរួមគ្នា។
ក្នុងជំនួបនេះ លោក Wang បានកត់សម្គាល់ថា ទំនាក់ទំនងចិន-សិង្ហបុរី បានផ្តល់នូវថាមពលវិជ្ជមាន ដើម្បីធ្វើឲ្យមានសន្តិភាព និងស្ថិរភាព ក្នុងតំបន់។ ចំណែកលោក Wong បាននិយាយថា សិង្ហបុរីនឹងចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃទំនើបកម្មរបស់ប្រទេសចិន។
សូមបញ្ជាក់ថា លោក Wang គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា៕