ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ដោយបង្កើតដែនជម្រកសត្វព្រៃឆែប-ព្រះរការ ស្ថិតនៅភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលមានទំហំផ្ទៃដីចំនួន៣៤៧ ៥៦៨ហិកតា ខណៈការបង្កើតនេះគឺមានគោលបំណងធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ ប្រព័ន្ធអេកូឡូស៊ី និងរក្សាលំនឹងបរិស្ថានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
យោងតាមអនុក្រឹត្យ ដែលបានចេញកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ហើយបាន ចេញផ្សាយជាសាធារណៈនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ផ្ទៃដីដែនជម្រកសត្វព្រៃឆែប-ព្រះរការខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ១៩០ ០២៧ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃឆែប ផ្ទៃដីទំហំ៩០ ៣៦១ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រក សត្វព្រៃព្រះរការ និងផ្នែកខ្លះនៃរបៀងអភរិក្សជីវៈចម្រុះឧត្តរ ដែលមានផ្ទៃដីទំហំ៦៧ ១៨០ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
យោងតាមអនុក្រឹត្យបានបញ្ជាក់ថា ការដែលរាជរដ្ឋាភិបាលសម្រេចបង្កើតដែនជម្រកសត្វព្រៃខាង លើនេះ គឺដើម្បីធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ,រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ,ធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយសនិទានភាពនិងនិរន្តរភាព,និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។
រាជរដ្ឋាភិបាលបានប្រគល់តួនាទីឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃឆែប-ព្រះរការ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការ រស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមអនុក្រឹត្យស្ដីពីបង្កើតដែនជម្រកសត្វព្រៃឆែបអនុក្រឹត្យស្ដីពីបង្កើតដែនជម្រកសត្វព្រៃព្រះរការ និងអនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្ស ជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាព អនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។
រាជរដ្ឋាភិបាលក៏បានបញ្ជាឲ្យ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅផងដែរ៕ អត្ថបទ ៖ បាន ចក់