ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យដោយកែប្រែដែនជម្រកសត្វព្រៃភ្នំត្នោត និងភ្នំពកពីផ្ទៃដីទំហំ៤២០៩៧ហិកតា មកផ្ទៃដីទំហំ៥១៧៣០ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តព្រះវិហារ ដើម្បីរក្សាលំនឹងបរិស្ថាន និងការថែរក្សាសត្វព្រៃនៅតំបន់នោះឲ្យកាន់តែល្អប្រសើបន្ថែមទៀត។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានចេញផ្សាយជាសាធារណៈនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ការកែប្រែដែនជម្រកសត្វព្រៃខាងលើនេះ គឺដើម្បីធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌ ចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ, រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ, ធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយសនិទានភាពនិងនិរន្តរភាព, និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។
រាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំកែប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តព្រះវិហារ ដើម្បីធានា ដល់ការគ្រប់គ្រង់បរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការ រស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមអនុក្រឹត្យស្តីពីការបង្កើត ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក អនុក្រឹត្យស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋាន គតិយុត្តថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។
រាជរដ្ឋាភិបាលបានបញ្ជាឲ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យ នេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕ អត្ថបទ ៖ បាន ចក់




