ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃដ៏មហន្តរាយនៅលើកោះ Maui បានកើនឡើងដល់ ៦៧ នាក់កាលពីថ្ងៃសុក្រ ខណៈពលរដ្ឋដែលត្រូវបានជម្លៀសចេញពីទីក្រុងប្រវត្តិសាស្ត្រ Lahaina ទទួលបានឱកាសដំបូងដើម្បីចូលទៅជាថ្មីក្នុងតំបន់ជិតខាងដែលត្រូវបានបំផ្លិចបំផ្លាញ បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋហាវ៉ៃ។
រថយន្តជាខ្សែដ៏វែងបានរង់ចាំនៅចំណុចផ្លូវបិទ ដើម្បីឆ្លងចូលទីក្រុងនៅពេលថ្ងៃត្រង់ម៉ោងក្នុងតំបន់។ ក្រុមមន្ត្រី រួមទាំងព្រឹទ្ធសមាជិក លោក Brian Schatz អ្នកប្រជាធិបតេយ្យនៃរដ្ឋហាវ៉ៃ បានព្រមានថាចំនួនអ្នកស្លាប់និងរងរបួសនឹងកើនឡើងបន្ថែមទៀតខណៈអ្នកឆ្លើយតបចាប់ផ្តើមស្វែងរកនៅតាមអគាររាប់រយដែលឆេះរោលនៅលើឆ្នេរភាគខាងលិចរបស់កោះនេះ។
វាជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតរបស់រដ្ឋហាវ៉ៃ ក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមមន្ត្រីដែលនិយាយថា ចំហេះព្រៃនៅលើកោះ Maui បានរាលដាលការបំផ្លិចបំផ្លាញដែលនឹងចំណាយពេលច្រើនឆ្នាំ និងប្រាក់រាប់ពាន់លានដុល្លារដើម្បីសាងសង់ឡើងវិញ។ ទីក្រុងរមណីយដ្ឋាន Lahaina ធ្លាប់ជារដ្ឋធានីនៃ រាជាណាចក្រហាវ៉ៃ ដែលទាក់ទាញបាន ៨០% នៃអ្នកមកលេងកោះនេះជារៀងរាល់ឆ្នាំ។
អ្នកទេសចរម្នាក់មកពីរដ្ឋកាលីហ្វ័រញ៉ា បានសម្រាកវិស្សមកាលជាមួយភរិយា និងកូនប្រាំនាក់ ខណៈដែលអគ្គិភ័យបានខិតជិតមកដល់។ ពួកគេត្រូវបង្ខំចិត្តលោតចូលទៅក្នុងសមុទ្របន្ទាប់ពីរត់គេចចេញពីរថយន្តជួលរបស់ពួកគេក្នុងទីក្រុង Lahaina។ យើងនៅទីនេះបណ្តែតទឹក អ្វីៗកំពុងឆេះនៅជុំវិញយើង មានការផ្ទុះ រថយន្តផ្ទុះឆេះ និងមានរងើកភ្លើង។ យើងពិតជាពិបាកដកដង្ហើម ព្រោះគ្មានខ្យល់អាកាស។

