ភ្នំពេញ៖ លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ នាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួន ឧកញ៉ាហ៉ី គឹមហុង និងអង្គរក្ស៥នាក់ទៀត ដាក់ពន្ធនាគារ PJ ជាបណ្តោះអា សន្ន បន្ទាប់ពីតំណាងអយ្យការបញ្ចប់ការស៊ើបសួរជាផ្លូវការរួចមក ។ ចំណែកអង្គរក្សចំនួន៨ នាក់តំណាងអយ្យការបានសម្រេចធ្វើការដោះលែងឲ្យមានសេរីភាពវិញ ដោយសំអាងហេតុមិនពាក់ពន្ធបទល្មើស ។
ជនត្រូវចោទទាំង៦នាក់នោះ មាន ៖ ១-ឈ្មោះ ហ៊ី គឹមហុង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ក្រុមហ៊ុនពិភពដីមាសអ៊ិនវេសម៉ិនឯ.ក ស្នាក់នៅផ្ទះលេខ៥១ដេ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ជាប់ចោទពីបទឆបោក មានស្ថានទម្ងន់ទោស) តាមបញ្ញត្តិមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ ។ ទី២-ឈ្មោះ លី សុវណ្ណារ៉ា ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរ ប្រធានសន្តិសុខក្រុមហ៊ុនពិភពដីមាស។ ទី៣-ឈ្មោះ កែ វិច្ឆិកា ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនពិភពដីមាស។ ទី ៤-ឈ្មោះ ម៉ិច សុធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនពិភពដីមាស។ ទី៥-ឈ្មោះ ឈឹម សុភា ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ បើកបររថយន្ត និងសន្តិសុខក្រុមហ៊ុនពិភពដីមាស។ ទី៦-ឈ្មោះ ប៊ុត រ៉ី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជំនួយការផ្នែកទីផ្សារ។ សូមបញ្ជាក់ថា ចំពោះទាំង៥ នាក់ ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) តាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបជូនថា កាលពីម៉ោង៤ល្ងាចថ្ងៃ ទី០៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន ឧកញ្ញា ហ៉ី គឹមហុង អគ្គនាយកក្រុមហ៊ុនដីមាស និងបក្ខពួកចំនួន១៣នាក់ បន្ទាប់ពីមានប្រជាពលរដ្ឋរាប់រយនាក់ បានមកតវ៉ានៅទីស្នាក់របស់លោកឧកញ្ញា ប៉ុន្តែពុំមានការជួបណាមួយឡើយ ទើបអ្នកតវ៉ានាំគ្នាដុតកង់ឡាន នៅមុខស្នាក់ ដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ ។ អ្នកតវ៉ាសុំចូលស្នាក់ការដើម្បីជាមួយឧកញ្ញា ក៏ត្រូវក្រុមអង្គរក្សរបស់លោកឧកញ៉ា បានប្រទូសរ៉ាយ និងប៉ះទង្គិចគ្នា និងវាយសមត្ថកិច្ចម្នាក់ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីទប់ទល់ ស្ថានការណ៍៕
អត្ថបទ ៖ កុម្ភៈ










