ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯកឧត្តម វ៉ាង យី បានមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១២ ខែសីហានេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ ខណៈដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិនរូបនេះមកកម្ពុជា គឺដើម្បីលើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុង វេទិកាតំបន់និងអន្តរជាតិជាដើម។
ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិននេះ គឺបានធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្ដម វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាផ្ដោតលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងអំពីវិស័យអាទិភាពរួមរវាងកម្ពុជា និងចិន។
ឯកឧត្ដម វ៉ាងក៏នឹងមានជំនួបដាច់ដោយឡែកជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ ហើយកិច្ចជំនួបនឹងគ្របដណ្ដប់លើទិដ្ឋភាពចម្រុះនៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគីនិង ពហុភាគី ដែលជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនាពេលខាងមុខនេះប្រព្រឹត្តទៅ ស្របពេលជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំនៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជានិងចិន។ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុង វេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសនិងប្រជាជនទាំងពីរជាដើម៕ អត្ថបទបាន ចក់