ចិន ៖ ប្រមុខការទូតរបស់ប្រទេសចិន លោក វ៉ាង យី (Wang Yi) បានរិះគន់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រចំពោះការគាបសង្កត់បណ្តាប្រទេសដែលកំពុងរីកចម្រើន ហើយបានពណ៌នាទីក្រុងវ៉ាស៊ីនតោនថា ជា «ប្រភពនៃអស្ថិរភាពបំផុត» នៅលើពិភពលោក។
លោកវ៉ាង ដែលបានក្លាយជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិនម្តងទៀតបន្ទាប់ពីការចាកចេញភ្លាមៗរបស់លោកឈិន កាង( Qin Gang) កាលពីខែមុននោះ បានរិះគន់ធ្ងន់ៗលើអនុត្តរភាព និងការការពារនិយមរបស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍របស់គាត់ កាលពីថ្ងៃសុក្រមួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ការទប់ស្កាត់ការវិនិយោគបច្ចេកវិទ្យាថ្មីប្រឆាំងនឹងទីក្រុងប៉េកាំង។
លោកវ៉ាង បានប្រាប់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) ថា៖«សហរដ្ឋអាមេរិក ក្រៅពីហេតុផលរបស់ខ្លួនក្នុងការរក្សាអនុត្តរភាពឯកប៉ូល មិនចង់ឃើញការអភិវឌ្ឍ និងងើបឡើងវិញរបស់ប្រទេសចិន និងប្រទេសដែលកំពុងរីកចម្រើនផ្សេងទៀតនោះទេ។
លោកវ៉ាងបានថ្លែងថា៖«ម្យ៉ាងទៀត ការធ្វើបែបនេះគឺជាការបណ្តោយនិងគាំទ្រកងកម្លាំងឯករាជ្យរបស់កោះតៃវ៉ាន់ ដែលពឹងផ្អែកលើសហរដ្ឋអាមេរិក ឲ្យស្វែងរកឯករាជ្យភាព ដោយព្យាយាមឆ្លងកាត់បន្ទាត់ក្រហមរបស់ប្រទេសចិន»។
“មួយវិញទៀត វាធ្វើឲ្យបាត់បង់ការប្រកួតប្រជែងដោយស្មើភាព និងបង្ខិតបង្ខំប្រទេសផ្សេងទៀតឲ្យចូលទៅខាងគំនិតគាំពារនិយមជាឯកតោភាគីប្រឆាំងនឹងប្រទេសចិន»។

