ប៉ូឡូញ ៖ ទីប្រឹក្សារបស់ទីក្រុងក្រាកូវ (Krakow) លោក Lukasz Wantuch បាននិយាយនៅក្នុងការបង្ហោះនៅលើហ្វេសប៊ុក កាលពីថ្ងៃទី១០ ខែសីហាថា បដាជាច្រើនមានសញ្ញាសម្គាល់របស់ក្រុមហ៊ុនយោធាឯកជន(PMC)របស់រុស្ស៊ី គឺក្រុមទាហានស៊ីឈ្នួល Wagner Group បានដាក់តាំងបង្ហាញ នៅតាមដងផ្លូវនៃទីក្រុងក្រាកូវនៃប្រទេសប៉ូឡូញ។
លោក Wantuch បាននិយាយថា៖«ករណីដ៏ចម្លែក និងគួរឲ្យចាប់អារម្មណ៍មួយ។
«បដាដែលផ្សព្វផ្សាយពីការជ្រើសរើសបុគ្គលិកទៅចូលរួមជាមួយក្រុម Wagner បានបង្ហាញខ្លួនក្នុងទីក្រុងក្រាកូវ។ ដោយសារមានការផ្សព្វផ្សាយនេះ វាជាការបង្កហេតុមួយ ហើយមិនត្រឹមតែនៅក្នុងទីក្រុងក្រាកូវប៉ុណ្ណោះទេ»។
ផ្ទាំងបដាទាំងនោះ មានការអំពាវនាវជាភាសាអង់គ្លេស ដើម្បីចូលរួមជាក្រុមទាហានស៊ីឈ្នួល Wagnerរបស់ PMC និងលេខកូដ QR ដែលនាំទៅដល់វេបសាយជាភាសារុស្សី។
សារព័ត៌មានក្នុងស្រុក Gazeta Krakowska បានរាយការណ៍ថា លោក Bartlomiej Izdebski ( បាតឡូម៉េ អ៊ីសដេស្គី) មន្ត្រីនគរបាល ក្រុងក្រាកូវ បាននិយាយថា នគរបាលមានករណីបែបនេះចំនួនពីរ ហើយបច្ចុប្បន្នកំពុងធ្វើការ ដើម្បីកំណត់លើបញ្ហានេះ។

