រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចកែប្រែ ដោយពង្រីកដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ ពីផ្ទៃដីទំហំ១២៧៧០ហិកតា មកផ្ទៃដីទំហំ១៤២២១ហិកតា ខណៈការបង្កើតនេះ គឺដើម្បីលើកកម្ពស់នៃការថែរក្សាការពារនូវសត្វព្រៃ និងលំនឹកបរិស្ថានឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
តាមរអនុក្រឹត្យដែលទូរទស្សន៍BTVទទួលបាននាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹង ថា ការពង្រីកនូវផ្ទៃដីនៃដែនជម្រកសត្វព្រៃខាងលើនេះ គឺដើម្បីធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ ប្រព័ន្ធអេកូឡូស៊ី និងសារព័នមជ្ឈដ្ឋានធម្មជាតិ ដោយមានការបំពេញលក្ខខណ្ឌចាំបាច់ សម្រាប់ប្រភេទណាមួយ នៃសត្វរុក្ខជាតិ និងជីវៈចម្រុះ, រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ, ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព,គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព, និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។
រាជរដ្ឋាភិបាល បានប្រគល់ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំកែប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តក្រចេះ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការគ្រប់គ្រងជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីរភាពស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផងដែរ។
លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមអនុក្រឹត្យ ស្តីពីការបង្កើត ដែនជម្រកសត្វព្រៃព្រែកប្រសព្វ អនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋាន គតិយុត្តថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិ នៃអនុក្រឹត្យនេះ។
រាជរដ្ឋាភិបាលបានបញ្ជាឲ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យ នេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅផងដែរ៕ អត្ថបទ៖ បាន ចក់




