ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ (១២សីហា)ថា ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃកោះ ម៉ូអ៊ី រដ្ឋហាវ៉ៃ ឥឡូវនេះ មានចំនួន៨៩នាក់ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាចំហេះព្រៃដ៏មហន្តរាយបំផុតរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយសតវត្សមក។ អភិបាលរដ្ឋ លោក Josh Green បានព្រមាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់នឹងបន្តកើនឡើង ខណៈដែលសាកសពកាន់តែច្រើនត្រូវបានគេរកឃើញ។
ទំហំនៃការខូចខាត បានឈានដល់ការផ្តោតខ្លាំងជាងមុនកាលពីថ្ងៃសៅរ៍ ខណៈដែលក្រុមស្វែងរកជាមួយនឹងសត្វសុនខ cadaver បានចុះស្វែងរកតាមទីតាំងនានារបស់តំបន់ឡាហេណា ដែលត្រូវបានបំផ្លិចបំផ្លាញ រយៈពេលបួនថ្ងៃបន្ទាប់ពីចំហេះរាលដាលយ៉ាងលឿន បានឆាបឆេះទីក្រុងរមណីយដ្ឋានប្រវត្តិសាស្ត្រនេះ បំផ្លាញអគារ និងទ្រព្យសម្បត្តិប្រជាជនជាច្រើនទៀត។
យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) បានឱ្យដឹងថា ការចំណាយលើការកសាងទីក្រុង ឡាហេណា ឡើងវិញត្រូវបានប៉ាន់ប្រមាណថា មានចំនួន៥,៥ពាន់លានដុល្លារ ដោយមានរចនាសម្ព័ន្ធជាង២.២០០ទីតាំង ត្រូវបានខូចខាត ឬបំផ្លាញ និងទំហំផ្ទៃដីជាង២.១០០ហិកតាត្រូវបានដុតបំផ្លាញ៕

