ប្រភពនគរបាលបារាំងបាននិយាយថា ប៉មតួអ៊ីហ្វែល និងតំបន់ជុំវិញនោះ ក្នុងរដ្ឋធានីបារាំង ត្រូវបានបញ្ជាឲ្យមានការជម្លៀសមនុស្សចេញកាលពីថ្ងៃសៅរ៍ (១២ សីហា) ជាវិធានការប្រុងប្រយ័ត្ន បន្ទាប់ពីការគំរាមកំហែងដោយគ្រាប់បែក។
ប្រភពនោះបាននិយាយថា វាជាការជូនដំណឹងមិនពិត ហើយមនុស្សម្នាអាចត្រឡប់ទៅខាងក្នុងវិញបាន។ យោងតាមសារព័ត៌មានបារាំង Le Parisien ( ឡឺ ប៉ារីស្យែន) បានឱ្យដឹងថា ក្រុមអ្នកជំនាញដុះគ្រាប់បែកត្រូវបានបញ្ជូនទៅកាន់ប៉ម ដែលជាទីតាំងមួយក្នុងចំនោមទីតាំងកម្សាន្តដែលមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោក។
អ្នកទេសចរមួយចំនួន ដែលបានទៅកម្សាន្តនៅទីនោះក្នុងរដូវក្ដៅ ដែលមានភ្ញៀវទេសចរទៅលេងច្រើនបំផុត នៅឯវិមានដ៏ល្បីនៅទីក្រុងប៉ារីស បាននិយាយថា ពួកគេមានការហួសចិត្តជាខ្លាំងចំពោះការបិទ ប៉មតួអ៊ីហ្វែល រយៈពេលពីរម៉ោង ខណៈដែលពួកគេរង់ចាំជាជួរជិត១០០ម៉ែត្រ ដើម្បីចូលទស្សនាប៉មនោះ មុនពេលមានបញ្ជាជម្លៀសនោះ៕

