មនុស្សយ៉ាងហោចណាស់៤នាក់ បានស្លាប់ និងមនុស្ស៣នាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍បំផ្ទុះលំនៅឋានមួយខ្នងកាលពីថ្ងៃសៅរ៍នៅតំបន់ជាយក្រុង Plum នៃទីក្រុង Pittsburgh។
ក្រុមអាជ្ញាធរបាននិយាយថា ការផ្ទុះនេះបានបំផ្លាញរចនាសម្ព័ន្ធចំនួន៣ទីតាំង និងបណ្ដាលឲ្យសំណង់យ៉ាងហោចណាស់រាប់សិបកន្លែងផ្សេងទៀតខូចខាត ហើយមនុស្សម្នាក់នៅតែបន្តបាត់ខ្លួន។
នៅមុនម៉ោង១០:៣០នាទីព្រឹកបន្តិច (ម៉ោងក្នុងស្រុក) កាលពីថ្ងៃសៅរ៍ ទីភ្នាក់ងារព័ត៌មានបន្ទាន់៩១១ បានទទួលការហៅទូរស័ព្ទថាផ្ទះជាច្រើនខ្នងបានឆេះ ដោយសារតែការផ្ទុះ។ ក្រុមមន្រ្តីឆ្លើយតប និងអ្នកពន្លត់អគ្គិភ័យបានទៅដល់ទីតាំងកើតហេតុ ដើម្បីស្វែងរកមនុស្សដែលជាប់នៅក្រោមកម្ទេចកំទី នេះបើយោងតាមក្រុមមន្ត្រីតំបន់ Allegheny បានរាយការណ៍។
ក្រុមមន្ត្រីតំបន់ Allegheny បានរាយការណ៍នៅលើបណ្តាញសង្គមថា មនុស្ស៤នាក់ត្រូវបានគេបញ្ជាក់ថា ស្លាប់ក្នុងឧបទ្ទវហេតុនោះ។ មនុស្ស៣នាក់ផ្សេងទៀតត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយ២នាក់ស្ថិតក្នុងស្ថានភាពមានស្ថិរភាព និងមនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ក្រុមមន្ត្រីតំបន់បាននិយាយថា មនុស្សម្នាក់ទៀតនៅតែមិនទាន់ស្វែងរកឃើញនៅឡើយ។ ក្រុមពន្លត់អគ្គិភ័យជាង ២០នាក់ត្រូវបានស្ថិតក្នុងការវាយតម្លៃសុខភាព ខណៈដែលពួកគេភាគច្រើនទទួលរងការហត់នឿយដោយសារកម្ដៅនៅទីតាំងកើតហេតុនោះ៕

