មនុស្ស ៧នាក់បានស្លាប់ បន្ទាប់ពីវិហារអ៊ីស្លាមមួយដែលពោរពេញទៅដោយអ្នកថ្វាយបង្គំបានរលំ កាលពីថ្ងៃសុក្រ (១១ សីហា) នៅទីក្រុង Zaria ភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា ក្នុងរដ្ឋ Kaduna និងបណ្ដាលឲ្យមនុស្សជាច្រើននាក់ទៀតរងរបួស។
អ្នកនាំពាក្យក្រុមប្រឹក្សាទីក្រុង Zaria លោក Abdullahi Kwarbai បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើង ខណៈដែលមនុស្សរាប់រយនាក់បានធ្វើការអធិស្ឋានពេលរសៀល នៅក្នុងវិហារអ៊ីស្លាមកណ្តាលទីក្រុងមួយ។
លោកបាននិយាយថា សាកសពមនុស្ស៤នាក់ត្រូវបានគេរកឃើញដំបូង ហើយបន្ទាប់មកសាកសពមនុស្ស ៣នាក់ផ្សេងទៀតត្រូវបានគេរកឃើញ បន្ទាប់ពីក្រុមជួយសង្គ្រោះបានធ្វើប្រតិបត្តិការស្វែងរក ក្នុងវិហារដែលបានដួលរលំនោះ។
ការដួលរលំអគារគឺកើតមានជាញឹកញាប់នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិក ដែលនិយ័តកម្មជាច្រើនត្រូវបានអនុវត្តយ៉ាងលំបាក ហើយសម្ភារៈសំណង់ជាធម្មតាមានគុណភាពទាបជាងស្តង់ដារ៕

