ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យ (១៣ សីហា) នេះថា ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកាលពីសប្តាហ៍មុនក្នុងខេត្ត សានស៊ី (Shaanxi) ភាគពាយ័ព្យរបស់ប្រទេសចិន បានកើនឡើងដល់៤នាក់ហើយ ខណៈប្រទេសនេះទទួលរងភ្លៀងធ្លាក់ខ្លាំងក្នុងរដូវក្តៅខុសពីធម្មតា។
រូបភាពពីយានដ្រូនរបស់ស្ថានីយ៍ទូរទស្សន៍រដ្ឋចិន (CCTV) បានបង្ហាញពីតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងបំណាក់ដី ដែលពោរពេញដោយកំទេចកំទី ក៏ដូចជារថយន្តដែលជាប់គាំងនៅក្នុងផ្លូវទឹកផងដែរ។
ទូរទស្សន៍ CCTV បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ស្ពាន និងកន្លែងផ្គត់ផ្គង់ថាមពល ត្រូវបានខូចខាត ខណៈដែលក្រុមស្វែងរក និងជួយសង្គ្រោះ ព្រមទាំងបុគ្គលិកពង្រឹងសុវត្ថិភាពច្រាំងទន្លេ ត្រូវបានបញ្ជូនទៅកាន់តំបន់រងផលប៉ះពាល់ទាំងនោះ។
ការស្លាប់ និងរបួសបានកើតមានឡើង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានបំផ្លិចបំផ្លាញផ្នែកជាច្រើននៃប្រទេសចិន ជាមួយនឹងអាកាសធាតុដ៏ធ្ងន់ធ្ងរ បន្ទាប់ពីព្យុះទីហ្វុង Doksuri ដែលបានបោកបក់ដល់ដីនៅខេត្តហ្វ៊ូជាន ភាគខាងត្បូង រយៈពេលជិតបីសប្តាហ៍មុនមក៕

