យោងតាមលោក Samantha Burgess នាយករងនៃទីភ្នាក់ងារសេវាបម្រែបម្រួលអាកាសធាតុ (C3S) ក្នុងអំឡុងពេលសម្ភាសន៍ជាមួយទូរទស្សន៍កណ្តាលចិន (CCTV) បានឱ្យដឹងថា បាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ នឹងជំរុញឱ្យសីតុណ្ហភាពពិភពលោកកាន់តែខ្ពស់ ហើយយើងទំនងជានឹងឃើញសីតុណ្ហភាពកម្រិតបំបែកកំណត់ត្រាបន្ថែមទៀតនៅឆ្នាំ២០២៣នេះ។
ទីភ្នាក់ងារ C3S ដែលជាសេវាមួយក្នុងចំណោមសេវាទាំងប្រាំមួយ ដែលផ្តល់ដោយកម្មវិធីអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប មានគោលបំណងផ្តល់ព័ត៌មានអនុញ្ញាតអំពីអាកាសធាតុអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលនៅអឺរ៉ុប ព្រមទាំងពិភពលោកទាំងមូលផងដែរ។
កាលពីដើមខែកក្កដាឆ្នាំនេះ អង្គការឧតុនិយមពិភពលោកបានចេញរបាយការណ៍បញ្ជាក់ពីវត្តមានលក្ខខណ្ឌអាកាសធាតុ អ៊ែលនីញ៉ូ នៅក្នុងតំបន់ត្រូពិចប៉ាស៊ីហ្វិកជាលើកដំបូងក្នុងរយៈពេលប្រាំពីរឆ្នាំ ហើយបាតុភូត អ៊ែលនីញ៉ូ នេះ ត្រូវបានគេសង្កេតឃើញនៅលើឆ្នេរសមុទ្រនៃប្រទេសប៉េរូ និងអេក្វាឌ័រ។
យោងតាមទីភ្នាក់ងារ C3S កំណើននៃកំហាប់នៃឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស គឺជាកត្តាចម្បងមួយដែលរួមចំណែកដល់រលកកម្ដៅពិភពលោកក្នុងឆ្នាំនេះ ហើយផលប៉ះពាល់រយៈពេលវែងនៃការដុតឥន្ធនៈហ្វូស៊ីល កំពុងផ្លាស់ប្តូរការព្យាករណ៍របស់អ្នកវិទ្យាសាស្ត្រអំពីអាកាសធាតុធ្ងន់ធ្ងរនាពេលអនាគត៕

