ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី១៣សីហានេះ បានរៀបចំការប្រឡងជ្រើសរើសមន្រ្តីរដ្ឋបាលទូទៅ សម្រាប់បម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានាក្រោមឱវាទទីស្តីការក្រសួងអប់រំ ចំនួន ១០០កន្លែង ស្ថិតក្នុងក្របខណ្ឌប្រភេទ (ក)។
ការប្រឡងនេះ ធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួម បើកវិញ្ញាសាប្រឡង ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយករដ្ឋសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសារធារណៈ តំណាងឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា និងឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ។
នៅក្នុងឱកាសនោះ ឯកឧត្តមយក់ ប៊ុនណា មានប្រសាសន៍ថា ការប្រលងជ្រើសរើសនេះ ប្រព្រឹត្តិទៅចំនួន ២លើក ដោយលើកទី១ នៅថ្ងៃទី១៣ ខែសីហានេះ ចាប់ពីម៉ោង២រសៀល រហូតដល់ម៉ោង៣៖៣០នាទី។ បេក្ខជនត្រូវឆ្លើយសំនួរពហុចម្លើយពាក់ព័ន្ធនឹងចំណេះដឹងទូទៅ និងរដ្ឋបាល(មេគុណ១) និងជំនាញ(មេគុណ២) ដែលវិញ្ញាសាជំនាញសរុប ៨វិញ្ញាសា។ ហើយការប្រឡងលើកទី១ មានបេក្ខជនសរុប ៦៩០នាក់ ដែលបានដាក់ពាក្យប្រឡង ក្នុងនោះស្រ្តី ២៨៦នាក់ ស្មើរនឹង១៨បន្ទប់ប្រឡង ដោយជ្រើសរើសចំនួន ២០០នាក់ លើតម្រូវការ ១០០នាក់ សម្រាប់បន្តចូលរួមប្រឡង លើកទី២ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។
ដើម្បីធានាការអនុវត្តគោលការណ៍ប្រឡងឱ្យមានប្រសិទ្ធភាព ក្រសួងអប់រំយុវជន និងកីឡា និងសាលាភូមិន្ទរដ្ឋបាល បានសហការរៀបចំ គណៈកម្មការប្រឡងចំនួន១៨ រួមមាន៖ គណៈកម្មការទទួលខុសត្រូវរួម, អប្បមាទ, ចេញវិញ្ញាសា, សំណេរ, មណ្ឌលកំណែ, ធ្វើអត្រាកំណែ, ស្រង់បូកពិន្ទុ ផ្ទៀងផ្ទាត់ និងប្រកាសលទ្ធផលជាដើម។ ក្រៅពីនេះ ក៏មានការៀបចំបទប្បញ្ញត្តិផ្សេងៗ ទាក់ទងនឹងការប្រឡងផងដែរ។
គួរបញ្ជាក់ដែរថា បេក្ខជនដែលប្រលងជាប់ នឹងទទួលបានការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល មុនចេញទៅបម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានា ក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា៕ អត្ថបទ៖ ទូច សោភ័ណ





