ហ្គាហ្សា៖ ពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដែលបានរត់ភៀសខ្លួននៅក្នុងតំបន់ហ្គាហ្សា បានចាប់ផ្ដើមវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ដើម្បីពិនិត្យមើលទំហំនៃការខូចខាតពីសង្គ្រាមរយៈពេល ១១ថ្ងៃនៃការវាយប្រហារតាមអាកាសក្នុងជម្លោះរបស់ខ្លួន ជាមួយក្រុមហាម៉ាស់។

ទីក្រុងហ្គាហ្សាស្ថិតនៅតាមតំបន់ឆ្នេរសមុទ្រមេឌីទែរ៉ាណេ បានត្រូវបានខូចខាតដោយការវាយប្រហារ ជាទីដែលបណ្ដុំអគារខ្ពស់ៗបានដួលរលំ កម្ទេចកម្ទីររាយប៉ាយពាសពេញផ្លូវ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនហៅកាត់ថា UNWRA បាននិយាយថា ពលរដ្ឋប៉ាឡេស្ទីនជាង ៦៦,០០០នាក់ ដែលបានស្វែងរកកន្លែងជ្រកកោននៅតាមសាលារៀន អំឡុងការវាយប្រហារយុទ្ធគ្នាកំពុងចាកចេញ ទៅកាន់លំនៅឋានរបស់ពួកគេ ខណៈដែលអង្គការនេះចាប់ផ្ដើមវាយតម្លៃពីទំហំនៃការខូចខាត។ ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយកាលពីសៅរ៍ថា ការវាយតម្លៃបឋមបង្ហាញថា លំនៅឋានយ៉ាងហោចណាស់ ២ពាន់ខ្នងត្រូវបានបំផ្លាញនៅក្នុងអំពើហិង្សាចុងក្រោយ និងអគារជាង ១៥,០០០កន្លែងទៀតក៏បានការខូចខាតផងដែរ។
ខណៈក្រុមគ្រួសារផ្សេងៗព្យាយាម រើកកាយរករបស់របរនានារបស់ពួកគេ ក្រុមជួយសង្គ្រោះជនស៊ីវិលបានជួយសង្គ្រោះអ្នកនៅមានជីវិត ១០នាក់ និងសាកសព ៥នាក់ចេញពីកម្ទេចបែកបាក់ នៃតំបន់ហ៊ុំព័ទ្ធប៉ាឡេស្ទីនដែលមានប្រជាជនដ៏ច្រើន ដែលនាំឲ្យអ្នកស្លាប់សរុបកើនឡើងដល់ ២៤៣នាក់ រួមទាំងក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាច្រើននាក់ និងកុមារ ៦៦នាក់ព្រមទាំងមនុស្សជាង ១,៩០០នាក់ផ្សេងទៀតរងរបួស៕
អត្ថបទ៖ សុខមាន