ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះពីការរកឃើញមនុស្សដល់ទៅ ៥៥៦នាក់ទៀត បានឆ្លងមេរោគកូវីដ-១៩ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ៦៥៨នាក់បន្ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ចំនួន ៣នាក់ទៀត បានស្លាប់បាត់បង់ជីវិត ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបកើនឡើងដល់ ១៧៩នាក់គិតចាប់ពីពេលដែលកម្ពុជាបានប្រកាសពីករណីស្លាប់ជាផ្លូវការលើកដំបូងកាលពីថ្ងៃទី១១ ខែមីនាកន្លងមក។
ក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែរថា មនុស្ស ៥៥៦នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសកាលពីថ្ងៃម្សិលមិញនេះ ដែលក្នុងនោះករណីឆ្លងថ្មីដល់ទៅ ៥៤០នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយ ១៦នាក់ទៀត គឺជាករណីនាំចូល។
បើតាមក្រសួងសុខាភិបាល កម្ពុជាបានរកឃើញមនុស្សសរុបដល់ទៅ ២៥ ៧៦១នាក់ហើយបានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសគិតចាប់តាំងពីពេលដែលកម្ពុជាបានប្រកាសពីការរកឃើញករណីឆ្លងលើកដំបូងកាលពីចុងខែមករាឆ្នាំមុនមក។
ក្រសួងសុខាភិបាលបានឱ្យដឹងទៀតថា អ្នកជំងឺកូវីដ-១៩សរុប ១៨ ៣៥៩នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មីចំនួន ៦៥៨នាក់ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕
