ដើមឈើខ្ពស់ជាងគេនៅអាស៊ី គឺដើមស្ងាវយក្ស ដែលបច្ចុប្បន្នមានកំពស់១០១,២ម៉ែត្រ និងត្រូវបានរកឃើញនៅតំបន់ស្វយ័ត ស៊ីចាង (Xizang) ភាគនិរតីនៃប្រទេសចិន ត្រូវបានគេប៉ាន់ស្មានថាមានអាយុកាលប្រហែល១.៥០០ឆ្នាំ នេះបើយោងតាមលទ្ធផលស្រាវជ្រាវចុងក្រោយកាលពីថ្ងៃអាទិត្យ។
ដើមឈើខ្ពស់បំផុតកម្រិតបំបែកកំណត់ត្រាដែលមានឈ្មោះថាដើមស្ងាវយក្ស ឬឈ្មោះវិទ្យាសាស្ត្រ Cupressus torulosa ត្រូវបានគេរកឃើញនៅឯតំបន់អភិរក្សធម្មជាតិជាតិនៃតំបន់ជ្រលងភ្នំដ៏ចំណាស់ឈ្មោះ Yarlung Zangbo ក្នុងតំបន់ Bome ទីក្រុង Nyingchi របស់តំបន់ស្វយ័ត ស៊ីចាង ក្នុងអំឡុងពេលស៊ើបអង្កេតវិទ្យាសាស្ត្រដែលដឹកនាំដោយសាកលវិទ្យាល័យប៉េកាំង ក្នុងខែឧសភា។ ដើមឈើខ្ពស់បំផុតពីមុនរបស់ប្រទេសចិន គឺដើមឈើបៃតងដែលមានកម្ពស់៨៣,៤ម៉ែត្រ រកឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រនៅក្រុង ស៊ីចាង កាលពីឆ្នាំមុន។
ជុំវិញដើមឈើខ្ពស់ជាងគេនោះ ក្រុមការងារបានរកឃើញដើមឈើយក្សងាប់ និងដួលរលំតាមធម្មជាតិមួយចំនួនតូច ដែលដើរតួយ៉ាងសំខាន់សម្រាប់ការកំណត់អាយុរបស់ដើមឈើទាំងនេះ។
សមាជិកក្រុមបានទាញយកខ្លឹមពីដើមឈើដែលដួលរលំនោះ ដើម្បីកំណត់អាយុកាលដែលត្រូវគ្នាដោយផ្អែកលើសមាមាត្រនៃរង្វង់របស់ដើមឈើទាំងនោះ ទៅនឹងចំនួនក្រយៅខ្លឹមនៃដើមឈើដែលខ្ពស់ជាងគេនេះ។ ដើមឈើខ្ពស់បំផុតមានទំហំ២៩៦សង់ទីម៉ែត្រ និងមានអាយុកាលប៉ាន់ស្មានប្រហែល១.៥០០ឆ្នាំ៕

