ម៉ាលី៖ បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលី បានពន្លឿនការដកកម្លាំងចេញពីទីក្រុង ប៊ែរ (Ber) នៅក្នុងភាគខាងជើងបន្ទាប់ពីមានការវាយប្រយុទ្ធគ្នាខ្លាំង ។
បេសកកម្មអង្គការសហប្រជាជាតិ ដែលត្រូវគេស្គាល់ថាជា MINUSMA បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា សន្តិសុខដែលកំពុងយ៉ាប់យ៉ឺនខ្លាំង បានពន្លឿនការចាកចេញឲ្យបានឆាប់រហ័ស។
កងកម្លាំងនេះបាននិយាយនៅលើបណ្ដាញសង្គម X ថា MINUSMA បានផ្ដោតលើការដកកម្លាំងចេញពីទីក្រុងប៊ែរ ដោយសារស្ថានភាពសន្តិសុខនៅក្នុងតំបន់នេះ និងហានីភ័យខ្ពស់ ដែលនឹងសំដៅមកកាន់កងទ័ពមួកខៀវរបស់យើង ។
បេសកកម្មនេះ បានជំរុញដល់គ្រប់ភាគីទាំងអស់ឲ្យបដិសេធរាល់សកម្មភាពទាំងអស់ដែលអាចបង្កភាពស្មុគស្មាញដល់សហប្រតិបត្តិការនេះ។
មន្ត្រីសន្តិសុខជាន់ខ្ពស់ប្រចាំតំបន់ម្នាក់ បាននិយាយថាបេសកកម្មអង្គការសហប្រជាជាតុ បានចាកចេញដោយគ្មានឧបទ្ទវហេតុណាមួយកើតឡើងឡើយ។
ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ សម្ព័ន្ធឧទ្ទាមភាគខាងជើងដឹកនាំដោយក្រុមតូរ៉េក (Tuareg) ដែលហៅថា ការសម្របសម្រួលនៃចលនា Azawad (CMA) បានចោទប្រកាន់កងកម្លាំងម៉ាលី និងកងកម្លាំងស៊ីឈ្នួល វ៉េកណាគ្រុប (Wagner Group)របស់ រុស្ស៊ី ថាបានរំលោភលើបទឈប់បាញ់ដោយវាយប្រហារកងកម្លាំងរបស់ខ្លួននៅជិតទីក្រុង ប៊ែរ (Ber )៕

