អាមេរិក៖ អាជ្ញាធរនិយាយថា មនុស្ស២នាក់ បានលោតចេញពីយន្តហោះ ដែលក្រោយមកបានធ្លាក់អំឡុងពិព័រណ៌អកាស Thunder Over Michigan កាលពីរសៀលថ្ងៃអាទិត្យ។ អាជ្ញាធរអាកាសយានដ្ឋានតំបន់ Wayne (វ៉េន) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គ្មាននណាម្នាក់រងរបួសធ្ងន់នោះទេ ប៉ុន្តែមនុស្ស២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ជាការប្រុងប្រយ័ត្នជាមុន។
យន្តហោះបានធ្លាក់នៅទីកន្លែងចតយានយន្ត នៅបរិវេណអគារលំនៅឋាននៅក្បែរនោះ និងបានធ្លាក់លើយានយន្តដែលពុំមានម្ចាស់នៅក្នុងរថយន្ត ដែលអាជ្ញាធរអាកាសយានដ្ឋាន និយាយថា គ្មាននណាម្នាក់នៅក្នុងបរិវេណអគារលំនៅឋានរងរបួសនោះទេ។ ទីភ្នាក់ងារនិយាយថា យន្តហោះនេះជាប្រភេទយន្តហោះ MIG-23។
ទាំងរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិ នឹងធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។
ក្រុមអ្នកដឹកនាំពិព័រណ៌ Thunder Over Michigan ជាព្រឹត្តិការណ៍ពិព័រណ៌រយៈពេល២ថ្ងៃ បាននិយាយថា ពួកគេបានបញ្ឈប់ពិព័រណ៌បន្ទាប់ពីស្ថានភាពនេះ ប៉ុន្តែពុំបានចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។
យន្តហោះនេះបានធ្លាក់ក្នុងអំឡុងពេលពិព័រណ៌អាកាស ក្នុងក្រុង Van Buren រដ្ឋ Michigan ។ អាជ្ញាធរនិយាយថា ក្រុមយានិក ដែលមានអាកាសយានិក និងអ្នកអង្គុយអម បានលោតឆ័ត្រចេញពីយន្តហោះ មុនពេលយន្តហោះធ្លាក់ទៅលើកន្លងចតយានយន្ត និងអគារលំនៅឋាន៕

