លោក Roberto Mancini បានប្រកាសចាកចេញពីតំណែងអ្នកចាត់ការក្រុមជម្រើសជាតិអ៊ីតាលីគួរឱ្យភ្ញាក់ផ្អើល ក្រោយចំណាយពេល ៥ ឆ្នាំក្នុងតំណែង។
សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីបានចេញសេចក្តីថ្លែងការ ពីការសុំចាកចេញពីតំណែងរបស់លោក Mancini តែមិនបានបញ្ជាក់ពីមូលហេតុឡើយ។

បុរសវ័យ ៥៨ ឆ្នាំអ៊ីតាលីរូបនេះ បានចូលមកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី បន្ទាប់ពីជើងឯកពិភពលោក ឆ្នាំ២០០៦ មួយនេះមិនអាចឆ្លងផុតវគ្គជម្រុះមានកៅអីនៅ World Cup ២០១៨ នៅរុស្ស៊ី។
ក្នុងតំណែងរបស់លោក Mancini អ៊ីតាលីបានឈ្នះជើងឯក Euro ២០២០ ដែលលើកមក ២០២១ ដោយយកឈ្នះអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីនៅកីឡដ្ឋាន Wembley។

មិនតែប៉ុណ្ណោះអ៊ីតាលីក៏បានបំបែកកំណត់ត្រាពិភពលោក ក្រោយលេងមិនចាញ់សោះ ៣៧ ប្រកួតជាប់គ្នា តែនៅតែមិនអាចមានកៅអីនៅ World Cup ២០២២ នៅកាតាឆ្នាំមុន។
អ៊ីតាលីបច្ចុប្បន្នកំពុងឈរលេខ ៤ ក្នុងពូលនៅវគ្គជម្រុះ Euro ២០២៤ ក្រោយចាញ់អង់គ្លេសនៅក្នុងពូលកាលពីខែមីនា។
លោក Mancini ធ្លាប់ដឹកនាំ Manchester City ឈ្នះជើងឯក English Premier League លើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបកាលពីឆ្នាំ ២០១២៕ អត្ថបទ៖នាង សុភាវុធ