អង់គ្លេស៖ ក្រុមទាហានស៊ីឈ្នួល Wagner របស់ក្រុមហ៊ុនយោធាឯកជន(PMC) កំពុងព្យាយាមសន្សំប្រាក់ ដើម្បីបើកប្រាក់ខែឲ្យទាហានរបស់ខ្លួន ដោយសារតែសម្ពាធផ្នែកហិរញ្ញវត្ថុ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារស៊ើបការណ៍របស់ក្រសួងការពារជាតិចក្រភពអង់គ្លេស។
របាយការណ៍នោះ បានឲ្យដឹងថា ក្រុមទាហានស៊ីឈ្នួល Wagner Group ទំនងជាឈានទៅរកការកាត់បន្ថយចំនួន និងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលភាគច្រើនគឺដើម្បីសន្សំសំចៃសម្រាប់ប្រាក់ខែបុគ្គលិកនៅចំពេលមានសម្ពាធផ្នែកហិរញ្ញវត្ថុ។
ក្រុមមន្ត្រីចារកម្ម បាននិយាយថា ក្រសួងការពារជាតិចក្រភពអង់គ្លេស បានកត់សម្គាល់ថា បន្ទាប់ពីការបះបោរមិនជោគជ័យ ក្នុងខែមិថុនា ឆ្នាំ ២០២៣នេះ រដ្ឋរុស្ស៊ីបានធ្វើសកម្មភាពប្រឆាំងនឹងកិច្ចការអាជីវកម្មផ្សេងទៀតរបស់ម្ចាស់ក្រុមហ៊ុនយោធាឯកជន( PMC)គឺ លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៊ីន ( Yevgeny Prigozhin)។ មានលទ្ធភាពដ៏ពិតប្រាកដថា វិមានក្រឹមឡាំង លែងផ្តល់មូលនិធិដល់ក្រុមនេះ ទៀត ហើយ។
របាយការណ៍ស៊ើបការណ៍នោះ បានសន្និដ្ឋានថា ប្រសិនបើរដ្ឋរុស្ស៊ីលែងបង់ប្រាក់ឲ្យក្រុមWagnerនោះ ក្រុមមន្ត្រីដែលមានតួនាទីក្នុងការបើប្រាក់ខែឲ្យទាហានអាចទុកចិត្តបំផុតទីពីរ គឺអាជ្ញាធរបេឡារុស៕

