កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសថា បានរកឃើញមនុស្សដល់ទៅ ៨៦នាក់បន្ថែមទៀតឆ្លងមេរោគកូវីដ-១៩ កាលពីថ្ងៃម្សិលមិញនេះ ដែលសុទ្ធតែជាបុគ្គលិក និងកម្មករកម្មការិនីនៃរោងចក្រ២ ស្ថិតនៅស្រុកកំពង់ត្រឡាច។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន រដ្ឋបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញលើស្ត្រី ៨១នាក់ ដែលសុទ្ធតែកម្មការិនី និងបុគ្គលិកបម្រើការងារនៅរោងចក្រហឺរ៉ាយហ្សិន អៅងរ (ខេមបូឌា) និងកម្មការិនីម្នាក់ទៀតបម្រើការងារនៅរោងចក្រតឹកហ្វុក ស្ថិតក្នុងឃុំលង្វែក។ ចំណែកករណីឆ្លងថ្មី ៧នាក់ទៀត រដ្ឋបាលខេត្តនេះ បញ្ជាក់ថា បានរកឃើញលើបុរស ដែលជាសុទ្ធតែជាកម្មករបម្រើការងារនៅរោងចក្រហឺរ៉ាយហ្សិន អៅដរ ទាំងអស់។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា អ្នកឆ្លងថ្មីទាំងអស់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងនៅក្នុងអគារសម្រាកព្យាបាលស្ថិតនៅក្នុងរោងចក្រហឺរ៉ាយហ្សិន អៅដរ តែម្ដង។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា អាជ្ញាធរកំពុងតែស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីពិនិត្យសំណាក និងដាក់ឱ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាព៕