នីហ្សេ៖ ប្រជាជនក្នុងប្រទេសនីហ្សេ កំពុងទទួលផលប៉ះពាល់ពីទណ្ឌកម្មដែលដាក់ដោយសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ក្នុងការឆ្លើយតបទៅនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេស ដែលបណ្តាលឱ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេលយូរ។
ជាងមួយសប្តាហ៍មុន មេដឹកនាំនៃប្លុក ECOWAS ជាប្លុកតំបន់ ដែលមានសមាជិក១៥ប្រទេស ព្រមទាំងសហភាពសេដ្ឋកិច្ច និងរូបិយវត្ថុអាហ្វ្រិកខាងលិច (UEMOA) បានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុដល់ប្រទេសនីហ្សេ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរអំណាចមិនស្របតាមរដ្ឋធម្មនុញ្ញ។
ទណ្ឌកម្ម បានធ្វើឱ្យប្រទេសគ្មានព្រំដែនសមុទ្រមួយនេះ ទទួលបានការផ្គត់ផ្គង់ថាមពលតិចតួច ខណៈដែលប្រទេសនីហ្សេរីយ៉ា ដែលមានការផ្គត់ផ្គង់អគ្គិសនីមានចំនួន៧០ភាគរយនៃអគ្គិសនីរបស់ប្រទេសនីហ្សេ បានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលដល់ប្រទេសនេះ ស្របតាមទណ្ឌកម្មរបស់ប្លុក ECOWAS។
នៅក្នុងរដ្ឋធានី នីញ៉ាមេ របស់ប្រទេសនីហ្សេ និងទីក្រុងជាច្រើនផ្សេងទៀត ប្រជាជនកំពុងជួបការលំបាកក្នុងការទប់ទល់នឹងការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ និងយូរអង្វែង ហើយផ្លូវ និងតំបន់លំនៅឋាននានាកំពុងព្យាយាមសម្របខ្លួននឹងការធ្លាក់ចូលទៅក្នុងភាពងងឹតអស់ជាច្រើនម៉ោង។
រដ្ឋប្រហារលើកទី៧ នៅអាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំមួយនេះ ទទួលបានការថ្កោលទោសពីបណ្តាប្រទេសជាច្រើននៅទ្វីបអាហ្រ្វិក ដែលចាត់ទុកការផ្លាស់ប្តូរអំណាចដោយអធម្មនុញ្ញថា ជាការគំរាមកំហែងដល់ស្ថិរភាព និងការអភិវឌ្ឍន៍នៅលើទ្វីបទាំងមូល៕

