នីហ្សេរីយ៉ា៖ ក្រុមអ្នកប្រាជ្ញអ៊ីស្លាមជាន់ខ្ពស់របស់នីហ្សេរីយ៉ា បាននិយាយកាលពីថ្ងៃអាទិត្យបន្ទាប់ពីកិច្ចប្រជុំជាមួយរបបសឹកនីហ្សេ ក្នុងរដ្ឋធានី នីញ៉ាមេ ថា ក្រុមមេដឹកនាំរដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេ បើកចំហចំពោះការទូតដើម្បីដោះស្រាយការប្រឈមមុខដាក់គ្នាជាមួយប្លុកក្នុងតំបន់របស់អាហ្រ្វិកខាងលិច។
ដំណើរទស្សនកិច្ចរបស់ពួកគេធ្វើឡើងនៅពេលដែលសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) កំពុងព្យាយាមស្វែងរកជម្រើសរបស់ខ្លួនក្នុងការស្តារការគ្រប់គ្រងស៊ីវិលនៅក្នុងប្រទេសនីហ្សេ ឡើងវិញ រួមទាំងអន្តរាគមន៍យោធាដ៏មានសក្តានុពល បន្ទាប់ពីការទម្លាក់ប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum កាលពីថ្ងៃទី២៦ ខែកក្កដា ដែលជារដ្ឋប្រហារលើកទី៧ នៅអាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំមកនេះ។
ខណៈដែលប្លុកនៅតែជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធី ប្រធានប្លុក ECOWAS និងជាប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu បានយល់ព្រមលើបេសកកម្មកាលពីថ្ងៃសៅរ៍ទៅកាន់រដ្ឋធានី នីញ៉ាមេ ដោយគណៈប្រតិភូអ្នកប្រាជ្ញឥស្លាម ដែលបានប្តេជ្ញាលើកកម្ពស់ការសន្ទនាជាមួយរបបសឹកនីហ្សេ។ លោក Sheikh Abdullahi Bala Lau ដែលដឹកនាំគណៈប្រតិភូបាននិយាយថា កិច្ចប្រជុំរបស់ក្រុមនេះជាមួយមេដឹកនាំរបបសឹក លោកឧត្តមសេនីយ Abdourahamane Tiani គឺមានរយៈពេលជាច្រើនម៉ោង។
ការបដិសេធពីមុនរបស់បណ្ដាមេដឹកនាំរដ្ឋប្រហារចំពោះកិច្ចខិតខំប្រឹងប្រែងការទូតដោយប្លុក ECOWAS សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានបង្កើនទិដ្ឋភាពនៃជម្លោះបន្ថែមទៀតនៅក្នុងប្រទេសនៃតំបន់Sahel ដ៏ក្រីក្ររបស់អាហ្វ្រិកខាងលិច ដែលកំពុងដោះស្រាយជាមួយការបះបោរអ៊ីស្លាមជ្រុលនិយមមួយនេះ៕

