ប៉ាគីស្ថាន៖ យោធាប៉ាគីស្ថាន និងប្រភពសន្តិសុខមួយបាននិយាយថា ក្រុមសកម្មប្រយុទ្ធបានវាយប្រហារក្បួនរថយន្តយោធាប៉ាគីស្ថាន នៅជិតកំពង់ផែយុទ្ធសាស្ត្រភាគនិរតីនៃទីក្រុង Gwadar កាលពីថ្ងៃអាទិត្យ (១៣ សីហា) ខណៈដែលក្បួននោះកំពុងអមដំណើរគណៈប្រតិភូជនជាតិចិន ទៅកាន់គម្រោងសាងសង់មួយ។
ប្រទេសចិន បានវិនិយោគយ៉ាងច្រើននៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ខ្លួននៅក្នុងខេត្តសម្បូររ៉ែ បាឡូជីស្ថាន (Balochistan) រួមទាំងការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅទីក្រុង Gwadar របស់ប្រទេសប៉ាគីស្ថាន ទោះបីជាមានការបះបោរផ្តាច់ខ្លួនជាច្រើនទសវត្សរ៍នៅក្នុងតំបន់នោះក៏ដោយ។
បណ្ដាញទំនាក់ទំនងសាធារណៈរបស់យោធាប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ក្រុមភេរវករបានប្រើអាវុធធុនតូច និងគ្រាប់បែកដៃក្នុងអំឡុងពេលធ្វើសកម្មភាព" ដោយបន្ថែមថា សកម្មប្រយុទ្ធ២នាក់ត្រូវបានសម្លាប់ ហើយមិនមានគ្រោះថ្នាក់ណាមួយដល់បុគ្គលិកយោធា ឬជនស៊ីវិលឡើយ។
ស្ថានកុងស៊ុលរបស់ចិននៅទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន បានថ្កោលទោសការវាយប្រហារនេះ ដោយបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនមានអ្នករងរបួសក្នុងចំណោមពលរដ្ឋរបស់ខ្លួននៅលើក្បួននោះទេ។
មន្ត្រីសន្តិសុខប៉ាគីស្ថានម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អ្នកវាយប្រហារ២នាក់បានស្លាប់ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង ដោយពុំមានអ្នករបួសណាមួយនៅក្នុងក្បួនទេ។ ប្រភពនោះបាននិយាយថា ការវាយប្រហារបានផ្តោតលើអ្នកដំណើរជនជាតិចិន ដែលធ្វើដំណើរពីអាកាសយានដ្ឋានទីក្រុង Gwadar ឆ្ពោះទៅការដ្ឋានសំណង់ក្នុងតំបន់កំពង់ផែនោះ៕

