ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រោយពីសម្ដេច លាចេញពីតំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទៅជាសមាជិកឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គឺមន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ នៅបន្ដបំពេញតួនាទីរបស់ខ្លួនជាធម្មតា ដើម្បីរួបរួមគ្នាបម្រើដល់ប្រទេសជាតិ ឲ្យមានការរីកចម្រើនបន្ថែមទៀត ដូចអ្វីដែលកំពុងធ្វើសព្វថ្ងៃនេះ។
ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភី នៅបណ្ឌិត្យភានគរបាលកម្ពុជា នាថ្ងៃ១៤ សីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា មន្ដ្រីមានឋានៈជាអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ គឺបន្ដការងារជាធម្មតា ហើយរឹតតែខិតខំបំពេញការងារបន្ថែមទៀត។
សម្ដេចបន្ថែមថា ក្រៅពីនោះ មន្ដ្រីនយោបាយ មានឋានៈរដ្ឋលេខាធិការ អនុរដ្ឋលេធិការ ក៏ត្រូវបន្ដទទួលនូវភារកិច្ចដែលក្រសួងប្រគល់ជូន ព្រោះមានការងារត្រូវធ្វើជាច្រើនបន្តទៀត។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា «សម្រាប់ក្រសួងមហាផ្ទៃ គឺមានតែខ្ញុំទេដែលចេញពីក្រសួង ដើម្បីទៅបំពេញបេសកម្មផ្សេងទៀត។ ក្រៅពីនោះអាចថា មន្ដ្រីផ្ទេពីកន្លែងនេះ ពីកន្លែងនោះ វាជារឿងធម្មតាទេ។ ប៉ុន្ដែអ្នកភាគច្រើន ឬក៏ទាំងអស់ ក្រៅពីអ្នកដែលចេញហើយចេញតាមរយៈបញ្ចប់អាណត្តិ ដូចខ្ញុំជាដើម ឬក៏អ្នកផ្ទេរចេញទៅកន្លែងផ្សេង អាហ្នឹងគឺគាត់ចេញ។ ប៉ុន្ដែអ្នកក្រៅពីហ្នឹងគឺបន្ដទៀត ក្នុងក្របខណ្ឌក្រសួងនេះ ។ អីចឹងទេ ខ្ញុំសង្ឃឹមជឿជាក់ថា អគ្គនាយកចុះដែលជាស្ថាប័នមុខងារសាធារណៈ នឹងបន្ដធ្វើការងាររបស់ខ្លួន»។
ជាមួយគ្នានោះដែរសម្ដេចក្រឡាហោម សង្ឃឹមថា មន្ដ្រីក្រសួងមហាផ្ទៃ នឹងបន្ដបំពេញការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យក្រសួងមានការរីកចម្រើនបន្ដទៀត ដើម្បីបម្រើដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា ពិសេស ក្នុងវិស័យដែលក្រសួងទទួលខុសត្រូវ។
នាឱកាសនោះ សម្ដេច ស ខេង បានលើកឡើងដែរថា នៅប៉ុន្មានថ្ងៃទៀត រដ្ឋសភា នីតិកាលទី៧ នឹងបើកសម័យប្រជុំលើកដំបូងរបស់ខ្លួន ក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រ។ បន្ទាប់ពីនោះ នៅថ្ងៃទី២២ សីហា រាជរដ្ឋាភិបាលថ្មី នឹងត្រូវបានបង្កើតឡើងតាមរយៈ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភា ដូច្នេះចាប់ពីថ្ងៃរសៀលថ្ងៃទី២២ សីហា ឆ្នាំ២០២៣តទៅ ក្រោយស្បថចូលកាន់តំណែង រាជរដ្ឋាភិបាលថ្មីរួច រាជរដ្ឋាភិបាលថ្មី នឹងបន្ដការងារពីរាជរដ្ឋាភិបាលចាស់៕អត្ថបទ៖ បានចក់











