ភ្នំពេញ៖ ក្រុមសហគ្រិនវ័យក្មេង បានបង្ហាញនូវការគាំទ្រពេញទំហឹង ចំពោះឯកឧត្តមកិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី អាណត្តិទី៧ រួមទាំងមានជំនឿ និងជឿជាក់យ៉ាងមុតមាំ ទៅលើធនធាន មនុស្ស និងទេពកោសល្យរបស់ឯកឧត្តម ។
នៅក្នុងពិធីជួបសំណេះសំណាលម្ចាស់អាជីវកម្ម និងប្រគល់លិខិតតែងតាំង ថ្នាក់ដឹកនាំ ផែនសហ គ្រិនវ័យក្មេង របស់សាខាកិត្តិយស នៃយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ កាលពីយប់ថ្ងៃ ទី១៣ ខែសីហា នេះ ឯកឧត្តម ដួង អក្ខរា ប្រធានសាខាកិត្តិយស នៃផែនសហគ្រិនវ័យក្មេង លើកឡើងថា ការគាំទ្រនេះ ដោយសារតែមើលឃើញយ៉ាងច្បាស់ ពីសមត្ថភាពដឹកនាំ មានចំណេះដឹងខ្ពស់ ភាពក្លាហាន ការទទួលស្គាល់ពីសហគមន៍ជាតិ អន្តរជាតិ និងជាបុត្រាឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិ ភាព បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ មាតុភូមិដូចសព្វថ្ងៃនេះ ។
ឯកឧត្តម បានបន្តថា ផែនសហគ្រិនវ័យក្មេង មានសមាជិករាប់ម៉ឺននាក់ បានចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ហើយលទ្ធផលនៃការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០២៣នេះទៀតសោត ក៏ បង្ហាញកាន់តែច្បាស់ពីការស្រឡាញ់ គាំទ្រ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានយន្ត ការ និងចក្ខុវិស័យត្រឹមត្រូវ ច្បាស់លាស់ ដើម្បីបុពហេតុជាតិ ពីសំណាក់ប្រជាពលរដ្ឋរាប់លាននាក់ ទាំងក្នុង និងក្រៅប្រទេស ។
ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្ដេចតេជោជាស្នូល និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នឹងកាន់តែកសាង និងអភិវឌ្ឍន៍ប្រទេសជាតិកាន់តែខ្លាំងថែមទៀត ពិសេសនឹងជួយលើក កម្រិតជីវភាពរបស់ពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងកាន់តែមានភាពជឿជាក់ ។
ឯកឧត្តម បានបន្តថា ការចូលរួមចំណែករបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសហគ្រិនវ័យ ក្មេង គឺជាសញ្ញាដ៏វិជ្ជមាន នៃការរួបរួមសាមគ្គីក្នុងសង្គមជាតិតែមួយ និងសូមឱ្យម្ចាស់អាជីវកម្ម និងសមា ជិក សមាជិកាទាំងអស់ រួមគ្នាការពារសន្តិភាព និងសេរីភាព ៕អត្ថបទ៖ បាន សុខរិទ្ធិ
