ភ្នំពេញ៖ បណ្ដាញសង្គមនាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសកម្ពុជា គឺឯកឧត្ដមកិត្តិទេសាភិបាលបណ្តិត ហ៊ុន ម៉ាណែត ត្រូវបានបង្កើតឡើងជាផ្លូវការ បន្ទាប់ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ។
បណ្ដាញសង្គមផ្លូវការនានាដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្កើតឡើងជាផ្លូវការនោះមានឈ្មោះថា Dr. Hun Manet, Prime Minister of Cambodia ក្នុងមានដូចជាបណ្ដាញសង្គមហ្វេសប៊ុកដែលមានអ្នកចូលចិត្ត (Like) ជាង២ លាននាក់ និង មានអ្នកគាំទ្រ (Follow) ជាង ២ លាននាក់។ ក្រៅពីនេះក៏មានបណ្ដាញសង្គមល្បីៗជាច្រើនទៀត ដូចជាបណ្ដាញសង្គម ធ្វីតធើ តេឡេក្រាម និងបណ្ដាញសង្គម តិចតុក ជាដើម។
បណ្ដាញសង្គមផ្លូវការរបស់នាយករដ្ឋមន្រ្ដីថ្មីរបស់ឯកឧត្តមបណ្ដិត ហ៊ុន ម៉ាណែត ក៏មិនខុសគ្នាពីបណ្ដាញសង្គមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល គឺតាមរយៈបណ្ដាញសង្គមនេះ បានចែករំលែកនូវសកម្មភាពនានារបស់នាយករដ្ឋមន្រ្ដី ព័ត៌មានអំពីគោលនយោបាយជាតិសំខាន់នានា និងបានចែករំលែកនូវព័ត៌មានពិតជាច្រើនថែមទៀត។
សូមជម្រាបថា នៅសល់ប្រមាណ ៨ ថ្ងៃទៀតប៉ុណ្ណោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសចូលកាន់តំណែងជានាយករដ្ឋមន្រ្ដីនៃកម្ពុជាជាផ្លូវការ ខណៈរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំលើកដំបូង នាថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមាជិក សមាជិកាសភាសរុប ១២៥ រូប ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការរៀបចំរាជរដ្ឋាភិបាលនីតិកាលទី៧នេះ៕ អត្ថបទ៖ វ៉ន ដារ៉ា



