បាល់ទាត់៖ Atletico Madrid បានក្លាយជាម្ចាស់ជើងឯកក្របខណ្ឌអេស្ប៉ាញ La Liga ជាលើកដំបូងក្នុងរយៈពេល ៧ឆ្នាំក្រោយវាយបកយកឈ្នះនៅទឹកដី Real Valladolid ២-១ សប្តាហ៍ចុងក្រោយដែលប្រទាញប្រទង់ពិន្ទុគ្នាជាមួយ Real Madrid។ ក្រុមរបស់លោក Diego Simeone ត្រូវការឈ្នះដាច់ខាតដើម្បីធានាថា ជាជើងឯកនៅសប្តាហ៍ចុងក្រោយដែលគំលាតពីក្រុមគូប្រជែង Real Madrid ២ពិន្ទុ។

Real Valladolid ដែលត្រូវការពិន្ទុជាចាំបាច់ដើម្បីមានមុខនៅ La Liga មួយរដូវកាលទៀតនោះ ចាប់ផ្តើមការប្រកួតបានល្អដោយរកបានគ្រាប់នាំមុខមុននៅនាទីទី១៨ ដោយ Oscar Plano។ ក្រុមរបស់លោក Diego Simeone ត្រូវរង់ចាំដល់វគ្គទី២ នាទីទី៥៧ ទើប Angel Correa តាមស្មើវិញបានសំរេច មុនពេលដែលអតីតខ្សែប្រយុទ្ធ Barcelona, Luis Suarez ជាអ្នកស៊ុតគ្រាប់វាយបកយកឈ្នះអោយ Atletico Madrid ក្លាយជាជើងឯក La Liga លើកដំបូងក្នុងរយៈពេល ៧ឆ្នាំ និងជាលើកទី ១១ ក្នុងប្រវត្តិសាស្ត្រក្លិប។ ចប់ការប្រកួត Luis Suarez បានសម្រក់ទឹកភ្នែកដែលបានក្លាយជាសមាជិកសំខាន់របស់ Atletico Madrid ក្នុងការស្វែងរកជើងឯកលើកនេះ បន្ទាប់ពីត្រូវបានទាត់ចោលដោយអ្នកចាត់ការ Barcelona, Ronald Koeman។ Real Madrid ដែលប្រកួតដំណាលគ្នាជាមួយ Atletico Madrid ដែរនោះក៏បានវាយបកយកឈ្នះក្រុមភ្ញៀវ Villarreal ដែរបន្ទាប់ពីការនាំមុខរបស់ Villarreal ដោយ Yeremi Pino តាំងពីនាទីទី២០។
ក្រុមរបស់លោក Zinedine Zidane ត្រូវរង់ចាំដល់ចុងម៉ោងពោលគឺនាទីទី៨៧ ដោយ Karim Benzema មុនពេលដែល Luka Modric ជាអ្នកស៊ុតគ្រាប់សំរេចជ័យជំនះអោយ Real Madrid តែយឺតពេលទៅហើយដោយ Atletico Madrid បានយកឈ្នះទៅលើ Valladolid ទៅហើយ។ Barcelona បញ្ចប់រដូវកាលដោយចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះនៅទឹកដី Eibar ១-០។ ដោយឡែក ៣ក្រុមដែលត្រូវកាត់ចោលរួមមាន Huesca, Real Valladolid និង Eibar៕
អត្ថបទ៖នាង សុភាវុធ