ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហើបឲ្យដឹងថា មានក្រុមហ៊ុនចំនួន២ បានកំពុងស្វែងរកទីតាំងវិនិយោគ ដើម្បីបើករោងចក្រផលិតសំបកកង់រថយន្តនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនចំនួន៣ហើយ កំពុងវិនិយោគក្នុងវិស័យមួយនេះ។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីសប្តាហ៍កន្លងទៅនេះក្នុងវេទិកាធុរកិច្ចកម្ពុជា ឆ្នាំ២០២៣ បានមានប្រសាសន៍ឲ្យដឹងថា ក្នុងនាមគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នឹងខិតខំប្រឹងប្រែងដើម្បីពិភាក្សាជាមួយនឹងបណ្តាក្រុមហ៊ុនទាំងអស់នោះ ធ្វើយ៉ាងណាឱ្យទិញជ័រកៅស៊ូនៅកម្ពុជា ដើម្បីយកទៅផលិតសម្បកកង់រថយន្ត។
ឯកឧត្តម សង្ឃឹមថា ក្រុមហ៊ុនវិនិយោគទាំងនេះ នឹងចូលរួមចំណែកស្រូបកៅស៊ូកម្ពុជាយ៉ាងតិចចំនួនប្រមាណ ២សែនតោនក្នុង១ឆ្នាំ ស្របពេលដែលបច្ចុប្បន្ននេះការផលិតជ័រកៅស៊ូនៅក្នុងទូទាំងប្រទេសបានបរិមាណសរុបជាង ៥០ម៉ឺនតោន សម្រាប់ការនាំចេញ។
បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលកំពុងវិនិយោគក្នុងឧស្សាហកម្មផលិតសំបកកង់រថយន្តនៅកម្ពុជាមានចំនួន ៣ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ក្រចេះ និងខេត្តស្វាយរៀង។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទទួលបានថវិកាជាង ៣៨៥លានដុល្លារ កើនឡើង៤៣%៕អត្ថបទ៖ ឈិត បូរ៉ាវី
