ភ្នំពេញ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច អះអាងថា ក្នុងអាណត្តិថ្មីទី៧នេះ រាជរដ្ឋាភិបាលគួរ ផ្តល់នូវភាពអនុគ្រោះ និងលើកទឹកចិត្តបន្ថែមទៀតដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់ ដើម្បីជំរុញឲ្យវិស័យសហគ្រាសធុនតូច និងមធ្យម កាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការរួមចំណែកដល់វិស័យសេដ្ឋកិច្ច។
លោកបណ្ឌិត ឆេង គីមឡុង សេដ្ឋកិច្ចវិទូផ្នែកសេដ្ឋកិច្ច នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី កាលពីចុងសប្តាហ៍កន្លងទៅ បានមានប្រសាសន៍ថា វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នេះជាកត្តាចាំបាច់ដែលត្រូវចូលរួមធ្វើយ៉ាងណាជំរុញឲ្យវិស័យនេះ ចាប់យកនូវគោលការណ៍និរន្តភាព និងបរិយាប័ន្ន។
លោកជឿថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តផែនការយុទ្ធសាស្រ្តដែលមានស្រាប់ និងសម្រួចនៅផែនការយុទ្ធសាស្រ្ត។
កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្នុងវេទិកានៃការផ្តល់ឥណទានផ្ទាល់ដល់វិស័យឯកជន ឯកឧត្តម ហែម វណ្ឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រដ្ឋាភិបាលថ្មី នឹងចាក់បញ្ចូលថវិកាបន្ថែមទៀតដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងផ្នែកខ្លះឲ្យកាន់តែរឹងមាំ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបានការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕អត្ថបទ ឈិត បូរ៉ាវី