
ក្រុមហ៊ុនអាកាសចរណ៍ Qantas នៅថ្ងៃចន្ទ (ទី១៤ ខែសីហា) បានបង្ហាញផែនការ សម្រាប់ឲ្យយន្តហោះមួយចំនួន ធ្វើការតុបតែងជាពិសេស ដើម្បីគាំទ្រដល់ការទទួលស្គាល់ជនជាតិដើមភាគតិច និងជនជាតិដើមនៅកោះ Torres Strait នៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសអូស្ត្រាលី ដែលកំពុងឈានចូលទៅក្នុងការជជែកដេញដោលដែលខ្វែងគំនិតគ្នាលើសិទ្ធិជនជាតិដើម។
ប្រជាជនអូស្ត្រាលីនឹងបោះឆ្នោតនៅក្នុងប្រជាមតិដ៏សំខាន់មួយ នៅចុងឆ្នាំនេះ ថាតើពួកគេគាំទ្រដល់ការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីរួមបញ្ចូល«សំឡេងផ្ញើទៅកាន់សភា» ដែលជាគណៈកម្មាធិការជនជាតិដើមភាគតិចដើម្បីផ្តល់ប្រឹក្សាដល់សភាលើបញ្ហា ដែលប៉ះពាល់ដល់ប្រជាជនដើមនេះដែរ ឬយ៉ាងណា។
ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ បានឲ្យដឹងថា គំនូប្លង់ ដែលមានពាណិជ្ជសញ្ញា «Yes23» ដែលជាការសុំឲ្យប្រជាជនអូស្ត្រាលីបោះឆ្នោតឯកភាពឬ «Yes» ក្នុងការធ្វើប្រជាមតិឆ្នាំ២០២៣ នេះ នឹងត្រូវមាននៅលើយន្តហោះចំនួន ៣គ្រឿង គឺយន្តហោះ Qantas Boeing 737 យន្តហោះ QantasLink Dash 8 Turboprop និងយន្តហោះ Jetstar Airbus A320។
ក្រុមហ៊ុនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ថែមពីលើពាក្យ «Yes» ក្រុមហ៊ុនអាកាសចរណ៍ Qantas នឹងគាំទ្រក្រុមធ្វើយុទ្ធនាការ «Yes23» ជាមួយនឹងការធ្វើដំណើរ ដូច្នេះ ពួកគេអាចចូលរួមជាមួយប្រជាជនអូស្ត្រាលី ក្នុងតំបន់ និងដាច់ស្រយាល នៅមុនការបោះឆ្នោតប្រជាមតិនេះ៕