
ប្រធានក្រុមហ៊ុនសាងសង់នាវាដ៏ធំបំផុតរបស់រុស្ស៊ីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃចន្ទ (១៤ សីហា)នេះថា ប្រទេសរុស្ស៊ីកំពុងស្ថិតក្នុងដំណើរការបំពាក់នាវាមុជទឹកនុយក្លេអ៊ែរថ្មីរបស់ខ្លួនជាមួយនឹងមីស៊ីលប្រភេទ Zircon ដែលមានល្បឿនលឿនជាងសំឡេង។
លោក Alexei Rakhmanov នាយកប្រតិបត្តិនៃក្រុមហ៊ុនសាជីវកម្មសាងសង់នាវា (USC) បានប្រាប់សារព័ត៌មាន RIA ថា «នាវាមុជទឹកនុយក្លេអ៊ែរពហុគោលបំណងនៃគម្រោងសាងសង់ Yasen-M នឹងត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីល Zircon ជាប្រចាំ»។
នាវាមុជទឹក Yasen-class ដែលគេស្គាល់ថាជាគម្រោងនាវា 885M គឺជានាវាមុជទឹកបំពាក់ដោយមីស៊ីលតម្រង់គោលដៅដើរដោយថាមពលនុយក្លេអ៊ែរ ដែលផលិតឡើងដើម្បីជំនួសនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរសម័យសូវៀត ដែលជាផ្នែកមួយនៃកម្មវិធីធ្វើទំនើបកម្មកងទ័ព និងកងនាវា។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីដើមឆ្នាំនេះថា រុស្ស៊ីនឹងចាប់ផ្តើមការផ្គត់ផ្គង់ដ៏ធំនៃមីស៊ីលប្រភេទ Zircon ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងការជំរុញកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។
នាវាចម្បាំងពហុគោលបំណងរបស់រុស្ស៊ី ឈ្មោះ Admiral Gorshkov ដែលបានសាកល្បងសមត្ថភាពវាយប្រហាររបស់ខ្លួននៅមហាសមុទ្រអាត្លង់ទិកភាគខាងលិចកាលពីដើមឆ្នាំនេះ ត្រូវបានបំពាក់ដោយមីស៊ីលប្រភេទ Zircon រួចមកហើយ៕