
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្ស ២នាក់បានស្លាប់ និងជាង ៣០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីបំណាក់ដីបានវាយប្រហារលើគំនរអាចម៍ដី នៅឯទីតាំងជីកយករ៉ែត្បូងថ្មយក់មួយកន្លែងក្នុងភូមិរ៉ែត្បូង Hpakant នៃរដ្ឋ Kachin ក្នុងសហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ។ របាយការណ៍បាននិយាយថា មនុស្សជាច្រើននាក់ទៀតបានរងរបួស ខណៈពួកគេត្រូវបានល្បប់ភក់ហូរនាំទៅ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងភូមិ Hpakant ដែលជាភូមិភ្នំដាច់ស្រយាលមួយក្នុងរដ្ឋ Kachin ចម្ងាយប្រហែល៩៥០គីឡូម៉ែត្រ (៦០០ម៉ាយល៍) ភាគខាងជើងនៃទីក្រុងដ៏ធំបំផុតរបស់សហភាពមីយ៉ាន់ម៉ា គឺទីក្រុង Yangon ។ តំបន់នេះជាចំណុចកណ្តាលនៃតំបន់រ៉ែត្បូងថ្មយក់ ដែលរកចំណូលបានច្រើនបំផុតក្នុងពិភពលោក។
មេដឹកនាំក្រុមជួយសង្គ្រោះក្នុងតំបន់ ដែលសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងស្វែងរកបានប្រាប់សារព័ត៌មាន AP នៅថ្ងៃចន្ទនេះថា កម្មកររ៉ែជាង៣០នាក់ ដែលកំពុងជីកយកត្បូងថ្មយក់ ត្រូវបានល្បប់ភក់ហូរនាំចូលទៅក្នុងបឹង នៅពេលដែលបំណាក់ដីបានវាយប្រហារនៅជិតភូមិ Manna ប្រហែលម៉ោង៣:៣០នាទីរសៀល (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអាទិត្យ។
ជនរងគ្រោះទាំងនោះ ជាអ្នករុករករ៉ែឯករាជ្យ ដែលតាំងលំនៅក្បែរពំនូកដីដ៏ធំនៃដែនដីដែលគេកាយចោល ហើយត្រូវបានជីកដោយគ្រឿងចក្រធុនធ្ងន់ ប្រើប្រាស់ដោយក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ។ ពួកគេដើរជីករែងយកបំណែកត្បូងដុំតូចៗនៃត្បូងថ្មយក់ ហើយជាធម្មតាអ្នកទាំងនោះ ធ្វើការ និងរស់នៅក្នុងរណ្តៅរុករករ៉ែ ដែលគេបោះបង់ចោល។ អ្នកជីកត្បូងទាំងនោះ ភាគច្រើនជាជនចំណាកស្រុក ដែលមិនបានចុះបញ្ជីពីតំបន់ផ្សេងៗ៕