តាកែវ ៖ មន្ត្រីជំនាញសុខាភិបាលបានបិទបញ្ចប់ការយកសំណាកក្រុមអាជីវករផ្សារសំរោងយ៉ោងទាំងជាង៤០០នាក់ ហើយនៅថ្ងៃនេះ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញអ្នកជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលលើអាជីវករនៅក្នុងផ្សារសំរោងយ៉ោង ជាង១០០នាក់។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងថា ការយកសំណាកលើបងប្អូនអាជីវករទាំងជាង៤០០នាក់ ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ជាលទ្ធផលបានរកឃើញអាជីវករចំនួន១៥៣នាក់ បានឆ្លងជំងឺកូវីដ១៩។ នេះគឺជាការឆ្លងរីករាលដាលដ៏ច្រើននៅក្នុងសហគមន៍ ក៏ប៉ុន្តែទោះជាយ៉ាងណា មន្ត្រីជំនាញរួមនិងអាជ្ញាធរពាក់ព័ន្ធបានយកចិត្តទុកដាក់ទប់ស្កាត់កុំឲ្យជំងឺនេះ រីករាលដាលបន្តទៅទៀត តាមរយៈការចុះយកអ្នកជំងឺទៅព្យាបាលអោយបានទាន់ពេលវេលា និងណែនាំអោយអ្នកពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។
លោក ភួន ឈីម អភិបាលស្រុកបាទី បានថ្លែងឲ្យដឹងថា ការឆ្លងរីករាលដាលទៅលើបងប្អូនអាជីវករផ្សារសំរោងយ៉ោង យ៉ាងច្រើននេះ វាជាកង្វល់មួយរបស់អាជ្ញាធរមូលដ្ឋាន ព្រោះកន្លែងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានស្រុកមិនអាចទទួលព្យាបាលអ្នកជំងឺច្រើនបាន ក៏ប៉ុន្តែអ្នកជំងឺកូវីដ-១៩ មួយចំនួនត្រូវបានអាជ្ញាធរខេត្តបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងនៅកន្លែងដែលអាជ្ញាធរខេត្តបានរៀបចំនៅក្នុងក្រុងដូនកែវ។
លោកអភិបាលស្រុក បានថ្លែងបន្តថា ស្ថានភាពធ្ងន់ធ្ងរបែបនេះ អាជ្ញាធរ នឹងមិនទាន់បើកដំណើរការអាជីវកកម្មផ្សារសំរោងយ៉ោង បាននៅឡើយទេ ដោយយើងរងចាំស្ថានភាពធូរស្រាលសិនទើបរដ្ឋបាលខេត្ត សម្រេចបើកអាជីវកម្មផ្សារនេះឡើងវិញបាន។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ២០ខែឧសភាឆ្នាំ ២០២១នេះបានចេញសេចក្ដីសម្រេចមួយ ដោយបានធ្វើការផ្អាកជាបណ្ដោះអាសន្ននៅដំណើរការអាជីវកម្មលក់ដូរនៅក្នុងផ្សារសំរោងយ៉ោង ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ បន្ទាប់ពីផ្សារនេះមានអ្នកជំងឺ covid 19 បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោជន៍ជាច្រើននាក់៕
ដោយ ៖ គុជ វិភាគ


