
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទនេះថា ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភ្នំហិម៉ាឡៃ ប្រទេសឥណ្ឌា បានបង្កឱ្យមានបំណាក់ដីកាលពីចុងសប្តាហ៍ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២១នាក់ ដោយមានមនុស្សរាប់សិបនាក់ទៀតជាប់ក្នុងបំណាក់ដី ឬបាត់ខ្លួន។
ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា និងការរលាយនៃផ្ទាំងទឹកកក បាននាំមកនូវទឹកជំនន់ដ៏គំហុកទៅកាន់ភ្នំនៃប្រទេសឥណ្ឌា ព្រមទាំងប្រទេសជិតខាងប៉ាគីស្ថាន និងនេប៉ាល់ក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំកន្លងទៅ ដោយក្រុមមន្ត្រីរដ្ឋាភិបាលបានទម្លាក់កំហុសលើបម្រែបម្រួលអាកាសធាតុ ថាជាមូលហេតុពីក្រោយគ្រោះធម្មជាតិទាំងនេះ។
វីដេអូពីទូរទស្សន៍ពីរដ្ឋ Himachal Pradesh របស់ប្រទេសឥណ្ឌា បានបង្ហាញលំនៅឋានដែលបាក់ស្រុតដោយសារបំណាក់ដី ហើយយានយន្តជាច្រើនត្រូវបានហូរនាំទៅជិតគែមនៃជ្រោះបន្ទាប់ពីផ្លូវបានដាច់ និងមនុស្សរាប់រយនាក់បានទៅទីតាំងកើតហេតុដើម្បីជួយសង្គ្រោះ ខណៈដែលបុគ្គលិកសង្គ្រោះបន្ទាន់ព្យាយាមសម្អាតកំទេចកំទី។
រដ្ឋមន្រ្តីប្រចាំរដ្ឋបាននិយាយថា នៅក្នុងឧបទ្ទវហេតុដ៏មហន្តរាយបំផុតមួយ វិហារសីវៈមួយកន្លែងបានដួលរលំនៅក្នុងទីក្រុង Shimla ហើយក្រុមអ្នកជួយសង្គ្រោះបានទាញយកសាកសពមនុស្សយ៉ាងហោចណាស់៩នាក់។ ក្រុមមន្ត្រីរដ្ឋបាននិយាយថា សាលារៀន និងស្ថាប័នអប់រំផ្សេងទៀតត្រូវបានបញ្ជាឱ្យបិទ ហើយប្រជាជនដែលនៅតំបន់រងផលប៉ះពាល់កំពុងត្រូវបានបញ្ជូនទៅកន្លែងសុវត្ថិភាព។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ លោក Praveen Bhardwaj បាននិយាយថា នៅក្នុងស្រុក Solan លំនៅឋានជាច្រើនខ្នងបានដួលរលំ បន្ទាប់ពីភ្លៀងធ្លាក់ដ៏ខ្លាំង ដោយសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់ផងដែរ៕