
ភ្នំភ្លើង Etna ដែលជាភ្នំភ្លើងសកម្មបំផុត នៅអឺរ៉ុប បានធ្វើឲ្យផ្ទៃមេឃភ្លឺរន្ទាល កាលពីពេលយប់ថ្ងៃអាទិត្យ (ទី១៣ ខែសីហា) ជាមួយនឹងទស្សនីយភាពនៃការផ្ទុះដ៏គួរឲ្យភ្ញាក់ផ្អើល។
បន្ទាប់ពីមានសកម្មភាពកាន់តែខ្លាំងឡើងៗ ទីភ្នាក់ងារការពារជនស៊ីវិលជាតិរបស់ប្រទេសអ៊ីតាលី បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយនិយាយថា ភ្នំភ្លើង Etna បានចូលដំណាក់កាលនូវ «ការជូនដំណឹងជាមុន» ដែលបង្ហាញពីការប្រែប្រួលពីកម្រិត F0 ទៅ F1។ ការកើនឡើងនៅក្នុងកម្រិតប្រកាសអាសន្ននេះ ប្រកាសពីលទ្ធភាពខ្ពស់នៃការបញ្ចេញកម្អែលដែលជិតមកដល់។
ដោយស្ថិតនៅទីតាំងខ្ពស់លើទីក្រុង Catania ( កាតានី) របស់តំបន់ Sicily ភ្នំភ្លើង Etna បានផ្ទុះជាញឹកញាប់ ក៏ប៉ុន្តែការផ្ទុះរបស់ភ្នំនេះកម្របណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរណាស់។ ភ្នំភ្លើង Etna ត្រូវបានគេជឿថា មានប្រវត្តិនៃការផ្ទុះយូរអង្វែងបំផុត ក្នុងចំណោមភ្នំភ្លើងទាំងអស់ ដោយមានប្រវត្តិដែលមានអាយុកាលតាំងពីដើមឆ្នាំ៤២៥ មុនគ្រឹស្តសករាជ៕