
យោងតាមការស្ទង់មតិមួយ បានឲ្យដឹងថា ខណៈដែលប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ បន្តចូលរួមការតវ៉ារៀងរាល់សប្តាហ៍ ជុំវិញផែនការដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាល ដើម្បីកែប្រែប្រព័ន្ធយុត្តិធម៌នោះ ពលរដ្ឋម្នាក់ក្នុងចំណោម ៣នាក់ កំពុងគិតចង់ចាកចេញពីប្រទេសរបស់ខ្លួន។
លោកសាស្រ្តាចារ្យ Chen Hofmann គឺជាម្នាក់ក្នុងចំណោមអ្នកដែលចង់ផ្លាស់ចេញពីប្រទេសកំណើតនេះដែរ។ លោករួមជាមួយប្រពន្ធ និងកូនៗរបស់លោក បានចាប់ផ្តើមថ្ងៃសម្រាករបស់ជនជាតិជីហ្វជាមួយនឹងការបរិភោគអាហារជុំគ្នារៀងរាល់ល្ងាចថ្ងៃសុក្រ។ តែពេលនេះ ពួកគេបញ្ចប់កម្មវិធីនោះហើយ ដោយសារមានការប្រមូលផ្ដុំដ៏ធំតវ៉ាប្រឆាំងរដ្ឋាភិបាល។
ខណៈដែលចូលរួមបាតុកម្មយប់ថ្ងៃសៅរ៍ប្រចាំសប្ដាហ៍ នៅកណ្ដាលក្រុង Tel Aviv លោកវេជ្ជបណ្ឌិត បាននិយាយថា៖ «វាមិនមែនជាទម្លាប់របស់យើង ក្នុងការទៅតវ៉ា នៅតាមដងផ្លូវទេ ប៉ុន្តែយើងត្រូវបានគេបង្ខំឲ្យធ្វើបែបនេះ ដោយសារតែយើងមានអារម្មណ៍ថា យើងកំពុងបាត់បង់ប្រទេសរបស់យើង»។
វេជ្ជបណ្ឌិតជំនាញផ្នែកកាំរស្មីឈានមុខគេរបស់ប្រទេសអ៊ីស្រាអែលរូបនេះ ឥឡូវនេះ កំពុងស្ថិតក្នុងដំណើរផ្លាស់ទៅធ្វើការនៅមន្ទីរពេទ្យ ក្នុងចក្រភពអង់គ្លេស ហើយជាងនេះទៅទៀត លោកកំពុងព្យាយាមបញ្ចុះបញ្ចូលសមាជិកផ្សេងទៀត ក្នុងគ្រួសាររបស់លោក ដែលសុទ្ធតែមានលិខិតឆ្លងដែនអឺរ៉ុប ឲ្យពិចារណាចាកចេញពីប្រទេសផងដែរ។
ក្នុងខណៈពេលដែលក្រុមបាតុករ នៅតែសង្ឃឹមថា ច្បាប់ថ្មីអាចត្រូវបានលុបចោល មនុស្សជាច្រើនបានទទួលស្គាល់ថា ការធ្វើដំណើរចាកចេញពីស្រុកទេស គឺជាអ្វីដែលពួកគេ ឬអ្នកដែលជិតស្និទ្ធនឹងពួកគេ បាន និងកំពុងគិតគូរ៕