រុស្ស៊ី៖ អគ្គិភ័យនៅស្ថានីយប្រងឥន្ធនៈមួយ នៅតំបន់ ដាហ្គេស្ថាន (Dagestan) ភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់២៥នាក់។
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះថា អគ្គិភ័យនេះបានចាប់ផ្ដើមកាលពីថ្ងយប់ថ្ងៃចន្ទ នៅហាងជួសជុលរថយន្តមួយក្នុងទីក្រុងកាខាចកាឡា (Makhachkala) ក្នុងតំបន់ដាហ្គេស្តានី (Dagestani) និងបានបង្កឲ្យផ្ទុះឆេះរាលដាលដល់ស្ថានីយប្រេងឥន្ធនៈមួយដែលនៅក្បែរនោះ។
ទីភ្នាក់ងារសារព័ត៌មាន RIA បាននិយាយដោយដកស្រង់សម្ដីរបស់អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក វ្លាឌីមៀ ហ្វីសេនកូ(Vladimir Fisenko)ថា ចំនួនមនុស្សរងរបួសបានកើនឡើងដល់៦៦នាក់ ក្នុងនោះ ១០នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់ ។
សារព័ត៌មាន Interfax បានរាយការណ៍ដោយសំអាងប្រភពពីមន្ទីរសុខាភិបាលតំបន់ ដាហ្គេស្តានី ថា មនុស្ស១៣នាក់ ដែលបានរងរបួសគឺជាកុមារ។
សារព័ត៌មាន TASS បានរាយការណ៍ដោយសំអាងប្រភពពីសេចក្ដីថ្លែងការណ៍មួយពីសេវាសង្រ្គោះបន្ទាន់របស់រុស្ស៊ី ថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រើពេលជាង៣ម៉ោងកន្លះ ដើម្បីពន្លត់ភ្លើងដែលបានឆេះរាលដាលទំហំ៦០០ម៉ែត្រក្រឡា ៕

