អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក ហ៊ូសសេន អាមីរ៉ាបដូលឡាហៀន ( Hossein Amirabdollahian) បានថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ កាលពីថ្ងៃចន្ទ (ទី១៤ ខែសីហា)ថា ប្រទេសអ៊ីរ៉ង់ បានប្តេជ្ញាដោះស្រាយជម្លោះនុយក្លេអ៊ែររបស់ខ្លួនជាមួយមហាអំណាចពិភពលោក តាមរយៈការទូត។
ការចរចាដោយប្រយោលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បានជាប់គាំង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។
ដោយត្រូវបរាជ័យមិនអាចស្រោចស្រង់កិច្ចព្រមព្រៀងនេះរស់ឡើងវិញបាន ទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា)ថា ពួកគេបានឈានដល់ការយោគយល់មួយ ក្រោមមូលនិធិចំនួន៦ពាន់លានដុល្លាររបស់អ៊ីរ៉ង់ នឹងត្រូវផ្ទេរចេញពីប្រទេសកូរ៉េខាងត្បូង ខណៈដែលជនជាតិអាមេរិក៥នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់ នឹងត្រូវដោះលែង។
កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា នឹងមានការរឹតបន្តឹងលើអ្វីដែលអ៊ីរ៉ង់ អាចធ្វើបានជាមួយនឹងមូលនិធិណាមួយ ដែលមិនត្រូវបានបង្កក នៅក្រោមកិច្ចព្រមព្រៀងដែលនាំទៅដល់ការដោះលែងជនជាតិអាមេរិក៥នាក់ពីពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះ នៅក្នុងទីក្រុងតេអេរ៉ង់៕
